(រតនគិរី)៖ ថ្លែងនៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារផលិតអាជីវកម្មឆ្នាំ២០២២ និងលើកទិសដៅផែនការអនុវត្ត ឆ្នាំ២០២៣ របស់ក្រុមហ៊ុនក្រុងប៊ុករតនគិរី អភិឌ្ឍន៍កៅស៊ូ ដែលបានប្រារព្ធធ្វើឡើងនៅ រោងចក្រកែច្នៃជ័រកៅស៊ូក្រុមហ៊ុនក្រុងប៊ុករតនគិរីអភិវឌ្ឍន៍ ស្ថិតក្នុងស្រុកតាវែង នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា នៅក្នុងខេត្តរតនគិរី មានក្រុមហ៊ុនវិនិយោគចំនួន២៧ ដែលកំពុងប្រតិបត្តិការរបស់ខ្លួន ស្របតាមកិច្ចសន្យាដោយផ្តោតសំខាន់លើការដាំដុះដំណាំកសិ-ឧស្សហកម្ម រួមមាន៖ កៅស៊ូ ដូងប្រេង ឈើហូបផ្លែ និងការចិញ្ចឹមសត្វជាដើម ដោយមានកម្មករ និយោជិតរាប់ពាន់នាក់ បានចូលបំរើការងារតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន ហើយទទួលបានប្រាក់ឈ្នួលជាមធ្យមពី២០០ដុល្លារ ទៅ៥០០ដុល្លារ ក្នុង១ខែ។

លោកបានបន្តថា តាមរយៈក្រុមហ៊ុន សហគ្រាស និង មូលដ្ឋានអាជីវកម្ម ផលិតកម្មទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានប្រាក់កម្រៃ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសារនីមួយៗ ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់មានស្ថានភាពល្អប្រសើ ហើយបានកាត់បន្ថយការធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅតាមបណ្តាខេត្តក្នុង ព្រះរាជាណាចក្រកមម្ពុជា ឬក៍ទៅធ្វើការនៅតាមបណ្ដាប្រទេសនានាឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ លើសពីនេះ គឺបានជួយរំលែកបន្ទុករបស់រាជរដ្ឋាភិបាល សំដៅរួម ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

លោក ញ៉ែម សំអឿន មានជំនឿយ៉ាងមុខមាំថា តាមរយៈការបង្កើតឲ្យមានមូលដ្ឋានអាជីវកម្មកៅស៊ូរបស់ក្រុមហ៊ុន គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាង សំខាន់ក្នុងការផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ក៏ដូចជាលទ្ធភាពយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅដែល មិនមានឱកាសទៅរកការងារធ្វើនៅកន្លែងឆ្ងាយៗ មានលទ្ធភាពគ្រប់គ្រាន់អាចរកការងារធ្វើមូលដ្ឋានភូមិ ឃុំ របស់ខ្លួនដែលមានសុវត្ថភាពក្នុងការងារ។

ក្នុងនាមអាជ្ញាធរខេត្ត លោកសំណូមពរឲ្យក្រុមហ៊ុន យកចិត្តទុក ដាក់សហការឲ្យបានជិតស្និទនិងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័ន អង្គភាព សមត្ថកិច្ចជំនាញ គ្រប់ផ្នែក អ្នកពាក់ព័ន្ធនានា និងបណ្តាក្រុមហ៊ុន វិស័យឯកជននានា ព្រមទាំងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីចូលរួមគាំទ្រឲ្យកិច្ចដំណើរការរបស់ក្រុមហ៊ុន ជាពិសេសសង្វាក់ផលិតកម្មនៃរោងចក្រ និងដំណើរការអាជីវកម្ម ផលិតកម្ម សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពដែលបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្រុមហ៊ុនភាគហ៊ុនកៅស៊ូក្រុងប៊ុក មានក្រុមហ៊ុនបុត្រសម្ព័ន្ធគឺ ក្រុមហ៊ុនក្រុងប៊ុករតនគិរីអភិវឌ្ឍន៍កៅស៊ូ ដែលឈរជើងវិនិយោគនៅក្នុងខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដីកៅស៊ូសរុបចំនួន ៥,៦២១ហិកតា ប្រមូលផលទាំងអស់។ គម្រោងអភិវឌ្ឍន៍កៅស៊ូរបស់ក្រុមហ៊ុនស្ថិតក្នុងចំណុះស្រុក២គឺ ស្រុកតាវែង និងស្រុកអណ្តូងមាស។ មានកម្លាំងពលកម្មចំនួន១,១៤៦នាក់ ក្នុងនោះមាន៧៤នាក់ជាជនជាតិវៀតណាម និង១,០៧២នាក់ជាជនជាតិខ្មែរ៕