(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយលោកស្រី លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ទៅចូលរួមបុណ្យសព លោកស្រី ចេង ស្រ៑ាន់ អាយុ២៧ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក និងម្តាយចាស់ម្នាក់ ស្ថិតនៅក្នុងភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលរងគ្រោះដោយទទួលមរណភាព ក្រោយពេលសម្រាលកូន រយៈពេល៤ថ្ងៃ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី លំ គន្ធារី បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងពីរតែងគិតគូរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះផ្សេងៗ។ ការបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ ធ្វើឲ្យក្រុមគ្រួសារមានការលំបាកបាត់បង់ទាំងមុខរបរប្រចាំថ្ងៃ ចំណែកឯការសិក្សារបស់កូន ក៏មករៀនពុំបានទៀងទាត់នោះឡើយ។ អាស្រ័យហេតុនេះហើយ បានជាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមកប្រគល់ជូនដល់គ្រួសារសព ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ បានមួយកម្រិត ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា សម្រាប់អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភដល់គ្រួសារសពរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ឃីតមួយកញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ៕