(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរម្លឹកជាថ្មីអំពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសចាប់តាំងពីបាតដៃទទេ រហូតដល់ក្លាយជាប្រទេសមួយ ដែលមានភាពល្បីល្បាញ នៅលើចាកអន្តរជាតិ។
លោកថា កម្ពុជាត្រូវបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង ដោយរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត ប៉ុន្តែបន្ទាប់ពីរបបនេះ ត្រូវបានផ្តួលរលំទាំងស្រុងនោះ គណបក្យប្រជាជនកម្ពុជាបច្ចុប្បន្ន បានខិតខំស្តារឡើងវិញដោយបានអភិវឌ្ឍចាប់តាំងពីបាតដៃទទេ រហូតប្រទេសជាតិទទួលបានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានការលើកសរសើរ ពីប្រធានក្រុមប្រឹក្សាភិបាល នៃសភាអ៉រ៉ុបថា ជាប្រទេសដែលដឹកនាំពីចំណុចសូន្យក្លាយជាប្រទេសល្បីល្បាញលើឆាកអន្តរជាតិ (ZERO TO HERO) ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិការCPP ប្រមាណ១ពាន់នាក់ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថៃ្ងទី០២ ខែកក្តដានេះ ថោង ខុន បានបញ្ជាក់ថា ក្នុងរយៈពេល៦៥ឆ្នាំ នៅក្នុងការបំពេញបេសកម្មបំរើជាតិ ទោះបីត្រូវប្រឈមនូវការវិវឌ្ឍន៍ប្រែប្រួលយ៉ាងស្មកស្មាញបំផុត នៃសភាពការជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅ និងបានផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ដោយបានពោះពារឆ្លងកាត់ជាច្រើនដំណាក់កាលធំៗជាវត្តិសាស្រ្ត។
លោកបានបន្ថែមទៀតថា លើមូលដ្ឋាននៃមហាជ័យជំនះនេះ កម្ពុជាក៏បានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួនហើយ បានបើកឡើងនូវស.ក.រាជថ្មី គឺ ឯករាជ សិរីភាពប្រជាធិបតេយ្យ និងវឌ្ឍនៈភាពសង្គម។
លោក ថោង ខុន ដែលប្រធានក្រុមការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបារាយណ៍ បានបន្ថែមដែរថា នៅក្នុងរយៈពេល៣៧ឆ្នាំមកនេះ ដោយផ្តើមចេញពីថៃ្ងជ័យជំនះ៧មករា គណបក្សប្រជាជនកម្ពុជាបានឈរយ៉ាងរឹងមាំលើគោលការណ៏ប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជំនះរាល់ឧបស្គ និងការលំបាកយ៉ាងច្រើនឥតគណនា សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត ដែលបាននាំប្រទេសជាតិឱ្យចេញផុត ពីស្រមោលអតីតកាលដ៏ឈឺចាប់ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាពប្រជាធិបតេយ្យ និងអភិវឌ្ឍប្រទេសដោយមោទនភាព ជាមួយនឹងភាពជឿងជាក់ ។
លោកថា ប្រជាជនកំពុងរស់នៅលើមាតុភូមិ ដោយមានសុខសន្តិភាពពេញលេញ មានខឿនឯករាជ អធិបតេយ្យភាព និងបូរណភាពដែនដីដែលត្រូវបានការពារយ៉ាងមុះមុត មានការគោរព្ធចំពោះសិទ្ធសិរីភាព និងសេចក្តីថៃ្លថ្នូររបស់ពលរដ្ឋគ្រប់រូប ព្រមទាំងមានការបង្រួបបង្រួមជាតិ ក្រោមរដ្ឋធម្មនុញ្ញតែមួយ សង្គមជាតិទាំងមូលកំពុងមានវឌ្ឍនៈភាពលើគ្រប់វិស័យ ដោយកត្តិយសជាតិ ត្រូវបានលើកម្ពស់ឡើងវិញ លើឆាកអន្តរជាតិ។
លោកក៏បានជំរុញ ឱ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានត្រូវចុះជាប់ជាប្រចាំ ដើម្បីជួយសំរួលរាល់បញ្ហារបស់ប្រជាពលរដ្ឋ ដូចជាការធ្វើអត្តណប័នជាដើម ដើម្បីឱ្យពួកគាត់ដែលគ្រប់អាយុបោះឆ្នោត បានទៅបោះឆ្នោតក្រុមព្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសកលឆ្នាំ២០១៨៕