(ព្រះវិហារ)៖ លោកយាយឈ្មោះ សុខ ដួង អាយុ៨២ឆ្នាំ រស់នៅភូមិអន្លង់ស្វាយ ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ ទទួលបានផ្ទះថ្មី១ខ្នង និងសម្ភារមួយចំនួនទៀត ពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បន្ទាប់ពីផ្ទះចាស់របស់លោកយាយត្រូវបានភ្លើងឆេះ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះថា ក្នុងនាមអាជ្ញាធរស្រុករវៀង អនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកបានដឹកនាំក្រុមការងារ ចុះលើកផ្ទះថ្មីមួយខ្នង ជូនលោកយាយ សុខ ដួង ជំនួសផ្ទះចាស់របស់គាត់ដែលត្រូវភ្លើងឆេះ នឹងបាននាំអង្ករ២បេ​ មី២កេស​ ឃីត៣កញ្ចប់ សារ៉ុង​ឆ២​ អាវស២​ ត្រីខ២យួរ​ ទឹកស៊ីអ៊ីវ១យួរ​ ចាន​ ស្លាបព្រា​ ប្រគល់ជូនគាត់ថែមទៀតផង។

លោកអភិបាលស្រុករវៀង បានបញ្ជាក់ឲ្យដឹងទៀតថា ផ្ទះចាស់របស់លោកយាយ​ សុខ​ ដួង​ ត្រូវបានភ្លើងឆេះនៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានទំហ៊ំ ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់សង័្គសី ជញ្ជាំងឫស្សី មូលហេតុដោយសារគាត់អុជធូបថ្ងៃសីលមិនបានប្រយ័ត្ន ក្រោយហេតុការណ៍កើតឡើងភ្លាម ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកបានដឹកនាំកម្លាំងចម្រុះចុះជួយអន្តរាគមន៍ជួយពន្លត់ តែដោយអំណាចព្រះអគ្គីខ្លាំងពេក ទើបធ្វើឲ្យឆេះផ្ទះ និងសម្ភារមួយចំនួនបណ្តាលឲ្យខូចខាតទាំងស្រុង។

លោក ហោ ប៊ុនហួរ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចពីគ្រោះអគ្គិភ័យ ពោលគឺមុននឹងចេញក្រៅផ្ទះត្រូវបិទបារ៉ែតភ្លើង ពន្លត់ភ្លើងចង្រ្កាន ភ្លើងទៀន ធូប ពិសេសត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ ដូចជាសម្រាម ស្មៅ ដើម្បីការពារពីការរាលឆេះដោយសារភ្លើងព្រៃ៕