(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ និងជារដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំ ស្តីពីការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម» នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាតរីជិនស៊ី ភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់គ្រូបង្គោល និង មន្រ្តីជំនាញចំនួន ១០០ នាក់ មកពីក្រសួងចំនួន ០៨៖ គឺក្រសួងមហាផ្ទៃ, ក្រសួងរ៉ែ និងថាមពល, ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ មានគោលបំណងពង្រឹងចំណេះដឹង ជាមូលដ្ឋានបន្ថែម ជូនដល់គ្រូបង្គោលនៅ តាមក្រសួងស្ថាប័ននីមួយៗ ដើម្បីត្រៀម បណ្តុះបណ្តាល បន្តដល់មន្រ្តីជំនាញថវិកា របស់ក្រសួងស្ថាប័នរៀងៗខ្លួន លើប្រធានបទស្តីពីការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម ដែលកិច្ចការនេះ ពាក់ព័ន្ធជាសំខាន់ ទៅលើការពង្រឹង រៀបចំរចនាសម្ព័ន្ធកម្មវិធី ការកំណត់សូចនាករសមិទ្ធកម្ម ការរៀបចំផែនការតាមដានសមិទ្ធកម្ម និងការរៀបចំរបាយ ការណ៍ សមិទ្ធកម្មជាដើម ដើម្បីសម្រេចលទ្ធផលការងារ និងគោលបំណងគោលនយោបាយរបស់ក្រសួងស្ថាប័នដែលបានដាក់ចេញ។

លោក វង្សី វិស្សុត បានលើកឡើងថា ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី, ការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម គឺជាកិច្ចការថ្មីមួយ និងជាសមាសធាតុដ៏ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់វាស់វែង នូវលទ្ធផលការងារ សម្រាប់ក្រសួងស្ថាប័នខ្លួនឯង ដែលជាម្ចាស់គម្រោង/កម្មវិធីផ្ទាល់ និងដើម្បីតម្រង់ការប្រើប្រាស់ធនធាន សាធារណៈឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព ក្នុងគោលដៅសម្រេច ឲ្យបាននូវគោលបំណង គោលនយោបាយ ដែលបានកំណត់ជាសូចនាករ ខាងផ្នែកសមិទ្ធកម្ម តាមក្រសួងស្ថាប័ននីមួយៗ នៅក្នុងក្របខណ្ឌគោល នយោបាយរួមរបស់រាជរដ្ឋាភិបាល។ ហើយកិច្ចការនេះ ក៏នឹងជួយពង្រឹងដល់ក្រសួងស្ថាប័នសាមីនីមួយៗ ឲ្យមានសមត្ថភាពអាចធ្វើការពន្យល់ ឬបកស្រាយបំភ្លឺបានទៅនឹងការសួរដេញដោល និងការត្រួតពិនិត្យ ដែលជាកម្មវត្ថុរបស់ស្ថាប័នផ្សេងទៀត ស្របតាមច្បាប់ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តលើកឡើងថា តាមការកំណត់ របស់ច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី គឺនៅពេលយើង ចាប់ផ្តើមអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ជាមូលដ្ឋានចាប់ពីឆ្នាំ២០២៦ គឺក្រសួងស្ថាប័ននីមួយៗ ត្រូវរៀបចំផែនការថវិកាប្រចាំឆ្នាំ (Annual budget operational plan) ដោយបែងចែកជាកម្មវិធី ៣ ខែម្តង (ប្រចាំត្រីមាស) ក្រោយពេលបញ្ចប់ការចរចាថវិកា។

ក្រសួងស្ថាប័នសាមី ជាអ្នករៀបចំកម្មវិធីចំណាយនេះ ដោយខ្លួនឯង និងត្រូវដាក់ឆ្លងអង្គភាពត្រួតពិនិត្យថវិកា ដើម្បីពិនិត្យលើចិរភាពថវិកា និងភាពអាចអនុវត្តបាននៃកម្មវិធី។ បន្ទាប់មក ក្រសួងស្ថាប័ននីមួយៗ ត្រូវធ្វើការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីរបស់ក្រសួងស្ថាប័នខ្លួន ស្របតាមកម្មវិធីដែលខ្លួនឯង បានរៀបចំប្រចាំត្រីមាសនេះ។ ហើយការតាមដានត្រួតពិនិត្យប្រចាំត្រីមាសនីមួយៗនេះ នឹងក្លាយទៅជាការ សរុបចុងក្រោយ នៃការវាយតម្លៃលទ្ធផលការងារ ស្របតាមក្របខណ្ឌនៃកម្មវិធីរបស់ក្រសួងស្ថាប័នខ្លួន ដើម្បីរៀបចំជារបាយការណ៍សមិទ្ធកម្ម។ ការងារតាមដាន គឺជាកិច្ចការ ដែលត្រូវធ្វើជាប្រចាំ ចំណែកឯការវាយតម្លៃ គឺជាកិច្ចការ ដែលធ្វើតែមួយដងលើលទ្ធផល ការងារដែលសម្រេចបាន ក្នុងកាលវេលាណាមួយ ជាក់លាក់ជាកំណត់។

ដូចនេះ ប្រសិនបើគ្មានការរៀបចំរបាយការណ៍សមិទ្ធកម្មនេះទេ យើងមិនអាចធ្វើការបូកសរុប និងវាស់វែងបានថា តើយើង សម្រេចបាន នូវលទ្ធផលការងារអ្វីខ្លះ? ក៏ប៉ុន្តែរបាយការណ៍នេះ ត្រូវមានការពិនិត្យ បញ្ជាក់អនុលោមភាព និងផ្តល់អនុសាសន៍ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីម្ខាងជាព័ត៌មាន សម្រាប់ការរៀបចំថវិកាប្រចាំឆ្នាំ និងការកែលំអរការអនុវត្តថវិកា និងម្ខាងទៀត ដើម្បីភ្ជាប់របាយការណ៍នេះ ក្នុងច្បាប់ទូទាត់ថវិកា និងជាព័ត៌មាន សម្រាប់ធ្វើការឆ្លើយបំភ្លឺ ទៅនឹងការសួរដេញដោលជាយថា ហេតុពីស្ថាប័ននីតិបញ្ញត្តិ។

លោកបានគូសបញ្ជាក់ថា នេះគឺជាប្រព័ន្ធថវិកាមួយ ដែលធានា ឲ្យមាននូវប្រព័ន្ធប្រតិតុល្យការ (Check & Balance) ដែលជាកម្រិត នៃការទទួលខុស ត្រូវថ្មីមួយ ទាំងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននានា ចំពោះមុខគណៈរដ្ឋមន្រ្តី ដែលជាអំណាចនីតិប្រតិបត្តិ និងចំពោះមុខរដ្ឋសភា ដែលជាអំណាចនីតិបញ្ញត្តិ ដែលតំណាងឱ្យប្រជាជន និងជាអ្នកបង់ពន្ធ ព្រមទាំងអាចមានការទទួលខុសត្រូវ រហូតដល់អំណាចតុលាការផងដែរ ក្នុងករណីមានការកេងបន្លំ៕