(ភ្នំពេញ)៖ ពិព័រណ៍គ្រួសារ និងកុមារលើកទី៣ បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពី លោក រាជ រ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក សេង ពិសិដ្ឋ នាយកក្រុមហ៊ុនអនុស្សា និងតំណាងក្រុមហ៊ុន ពាក់ព័ន្ធមួយចំនួនទៀត។
កម្មវិធីនេះ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ នៅអគារពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់បងប្អូនប្រជាពរដ្ឋខ្មែរ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តក្រុមហ៊ុនអនុស្សា បានថ្លែងថា ពិព័រណ៍កុមារនេះជាកម្មវិធីពិសេសបំផុតសម្រាប់កុមារ ដោយមានការតាំងលក់ នៅផលិតផលកុមារ និងគ្រូសារម៉ាកល្បីៗ ប្រមាណជាង៤០០មុខ និងបញ្ចុះតម្លៃពិសេស រហូតដល់៥០ភាគរយ និងមានការប្រកួតសមត្ថភាពកុមារដូចជា ការប្រកួតរាំ ច្រៀង គិតលេខ និងការប្រកួតវារ សម្រាប់កុមារដែលទើបនឹងចេះវារ។
លោកបានបន្ដទៀតថា ជាមួយគ្នានេះដែរមាតាបិតា និងបានទទួលនៅព័ត៌មានលម្អិត អំពីសេវាកម្មសំខាន់ៗ ដូចជាសាលារៀន មជ្ឈមណ្ឌលបណ្ដុះបណ្ដាល ធនាគារ ការធានារ៉ាបរង់សុខភាព របបអាហារ និងសេវាពាក់ព័ន្ធផ្សេងទៀត ទាំងនេះជាការជំនួយ ដល់ការសម្រេចចិត្ត ក្នុងការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ ដើម្បីអនាគតបុត្រធីតា។
លោក រាជ រ៉ា បានសម្ដែងនូវការកោតសរសើរ ចំពោះគំនិតផ្ដួចផ្ដើមបង្កើត នូវពិព័រណ៍ដ៏ពិសេសមួយនេះ ហើយលោកក៏បានបង្ហាញនូវទស្សនៈវិស័យ និងជំហរយ៉ាងមុតមាំ របស់ក្រសួងក្នុងការជំរុញ សកម្មភាពពាណិជ្ជកម្ម អាជីវកម្មក្នុងស្រុក ដែលជាប្រយោជន៍ ដល់កំណើនសេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍កុមារ និងគ្រួសារនេះ ចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៤ ដែលមានគ្រាំទ្រពីក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភដោយក្រុមហ៊ុនធំៗ ដូចជា ក្រុមហ៊ុនម្សៅទឹកដោះគោ Modilac ក្រុមហ៊ុនស្ដាអូតូខេមបូឌេ និងក្រុមហ៊ុនជាច្រើនទៀត៕