(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខ និងនាំអំណោយជាឱសថ និងគ្រឿងឧបភោគ បរិភោគចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌល ជូនដល់ជនរងគ្រោះកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ)។

ការចុះមកនេះក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។

នាឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានធ្វើ្វការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌល ដែលបានប្រឹងប្រែង និងលះបង់ទាំងកម្លាំងកាយចិត្តក្នុងការគ្រប់គ្រង និងមើលថែជនរងគ្រោះ។

លោក កែវ រ៉េមី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យយកចិត្តទុក្ខដាក់បន្ថែមទៀត អំពីស្ថានភាពការរស់នៅរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី ព្រមទាំងកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដើម្បីធ្វើសមាហរណកម្មពួកគេចូលក្នុងសង្គមវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។

លោក កែវ រ៉េមី បានធ្វើការថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុក្ខដាក់លើការគ្រប់គ្រង និងការរស់នៅរបស់ជនរងគ្រោះក្នុងមជ្ឈមណ្ឌលឱ្យកាន់តែប្រសើរ៕