(កំពង់ធំ)៖ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង នៅព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «ការអនុវត្តមុខងារដែល ក្រសួងរ៉ែ និងថាមពលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក» ជាមួយរដ្ឋបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធចូលលោកស្រីមេឃុំ គ្រប់ឃុំ អាជីវករប្រកបអាជីវកម្ម សេវាកម្មជីកយកអាចម៍ដី-រណ្តៅដីចល័ត។

លោក ឡាយ ស៉ីលី បានព្រមានធ្ងន់ៗទៅដល់ម្ចាស់គ្រឿងចក្រ អាជីវកម្មដឹកដី កាយដី ជីករណ្ដៅដី ដែលប្រាសចាក ឬក៏រំលោភនឹងអាជ្ញាប័ណ្ណដែលរដ្ឋអំណាចអាជ្ញាធរមានសមត្ថកិច្ចផ្តល់ជូន ដែលកន្លងមកមានម្ចាស់គ្រឿងចក្រយានយន្តមួយចំនួន ពុំបានអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនទៅតាមអ្វីដែលមាននៅក្នុងអាជ្ញាប័ណ្ណ ក៏ដូចជាការអនុញ្ញាតឲ្យធ្វើអាជីវកម្ម ក៏ដូចជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមថែរក្សានូវបរិស្ថាន ធនធានរ៉ែ បុរាណដ្ឋានវប្បធម៌ ជាដើម។

ជាមួយគ្នានេះ លោកអភិបាលរងស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការជួយតាមដានអង្កេតមើល គ្រប់ការដ្ឋានរណ្តៅដីដែលម្ចាស់គ្រឿងចក្រ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្នួនឲ្យបានហ្មត់ចត់ និងរាយការណ៍មករដ្ឋបាលស្រុកតាមស្ថានភាពជាក់ស្តែងនិងចាំបាច់ ពីព្រោះកន្លងមក រដ្ឋបាលឃុំអាជ្ញាធរភូមិឃុំមានការឆកល្វែង ក្នុងការអង្កេតក៏ដូចជារាយការណ៍ជូនមករដ្ឋបាលស្រុកស្ទោងនូវរាល់សកម្មភាពទាំងឡាយ ដែលម្ចាស់គ្រឿងចក្រនិងរណ្ដៅដីបានធ្វើអាជីវកម្មក្មុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាចុងបញ្ចប់លោក ឡាយ ស៊ីលី ក៏បានបន្ថែមថា គ្រប់ម្ចាស់គ្រឿងចក្រ ដែលពុំបានអនុវត្តបានត្រឹមត្រូវ តាមអាជ្ញាប័ណ្ណដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានចេញជូននោះ រដ្ឋបាលស្រុកនឹងធ្វើការឆ្លើយតបទៅម្ចាស់គ្រឿងចក្រទាំងនោះ ដោយការណែនាំ ឬរាយការណ៍ជូនជំនាញពាក់ព័ន្ធក្នុងការផាកពិន័យឬ ផ្អាកអាជ្ញាប័ណ្ណជាដើម៕