(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានបន្តកិច្ចប្រជុំពិគ្រោះយោបល់លើ «សេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការធានារ៉ាប់រងខ្នាតតូច» តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom ដែលដឹកនាំដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ក្នុងគោលបំណងស្វែងរកធាតុចូលបន្ថែម ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

គួរកត់សម្គាល់ផងដែរថា «សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការធានារ៉ាប់រងខ្នាតតូច» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់នូវវិធាន នីតិវិធី និងនិយាម សម្រាប់ការគ្រប់គ្រង និងការត្រួតពិនិត្យសកម្មភាពអាជីវកម្មធានារ៉ាប់រងខ្នាតតូច ដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាពនិងស្មោះត្រង់ និងការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជន ក្នុងវិស័យធានារ៉ាប់រងខ្នាតតូច ដោយអនុលោមតាមច្បាប់ ស្តីពីការធានារ៉ាប់រង។

សេចក្ដីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ម្ដងរួចមកហើយ គឺកាលពីថ្ងៃទី២០ ខែកុម្ភៈ គ.ស.២០២៣ ក្រោមអធិបតីភាពរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីអគ្គនាយកដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី និងនិយ័តករទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតរួមមាន អង្គការអន្តរជាតិខាងការងារ (ILO) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ជាដើម។

ដោយឡែក កិច្ចប្រជុំពិគ្រោះយោបល់លើកទី២នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលដៅបន្តកិច្ចពិភាក្សាលើខ្លឹមសារនៃ «សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការធានារ៉ាប់រងខ្នាតតូច» នេះ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍រួចរាល់ និយ័តករធានារ៉ាប់រងកម្ពុជានឹងកែសម្រួល «សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការធានារ៉ាប់រងខ្នាតតូច» ស្របតាមស្មារតីនៃកិច្ចប្រជុំពិគ្រោះយោបល់ និងគ្រោងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយសាធារណជន នាពេលឆាប់ៗនេះ៕