(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយព័ត៌មាន របស់ Freshnews ក្រោមចំណងជើងថា «មន្ត្រីនគរបាលស័ក្តិ៤កន្លះ ម្នាក់ប៉ងធ្វើរបងរំលោភយកដីផ្លូវ ត្រូវអាជ្ញាធរធ្វើការទប់ស្កាត់» រួចមក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ត្រីនគរបាលស័ក្តិ៤កន្លះរូបនេះ បានចេញមុខមកបដិសេធ រាល់ការចោទប្រកាន់ទាំងអស់នេះ។
ការចេញមុខមកបដិសេធនាពេលនេះ ធ្វើឡើងបន្ទាប់ពី អាជ្ញាធរខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានចុះផ្អាកសកម្មភាពក្រុមជាងសំណង់ ដែលកំពុងជីករណ្ដៅដាំបង្គោលរបងព្រំដីលើដីសាធារណៈ ស្ថិតនៅជាប់របងខាងកើតវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ពាក់ព័ន្ធករណីនេះ លោក ជុំ ភិរុណ ជាមន្ត្រីនគរបាលមានឋានន្តរសក្ដិវរសេនីយ៍ទោ បម្រើការងារនៅនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី០២ ខែកក្កដានេះថា លោកពុំបានរំលោភបំពានដីសាធារណៈដូចការផ្សព្វផ្សាយនោះទេ។
លោក ជុំ ភិរុណ បញ្ជាក់ថា លោកពុំបាននៅពីក្រោយខ្នង ឬពាក់ព័ន្ធការរំលោភបំពានដីសាធារណៈនេះទេ។ លោក ជុំ ភិរុណ បានលើកជាសំអាងហេតុថា លោកពុំមែនជាម្ចាស់ដីដែលអាជ្ញាធរ ចុះទប់ស្កាត់នោះទេ ពោលគឺ លោកមានមុខរបរបន្ថែមមួយទៀត គឺជីកដីលក់ឲ្យអតិថិជន ។ ដូច្នេះអតិថិជនតម្រូវឲ្យចាក់ដី នៅទីតាំងណា លោកនឹងចាក់នៅទីតាំងនោះ ហើយរឿងរំលោភផ្លូវសាធារណៈ ឬ មិន រំលោភផ្លូវសាធារណៈ វាជារឿងរបស់អ្នកដទៃ។
លោកស្នើឲ្យអាជ្ញាធរ និង ប្រព័ន្ធផ្សព្វផ្សាយ ផ្តល់ភាពស្អាតស្អំដល់រូបលោក ព្រោះលោកជានគរបាលតែងតែគោរពច្បាប់ជានិច្ច ពុំហ៊ានបំពានច្បាប់ឡើយ។
គួររំលឹកថា លោកស្រេង គឹមស្រ៊ន ប្រធានការិយាល័យ ធ្លាប់បានបញ្ជាក់ថា ពេលកម្លាំងចម្រុះចុះមកដល់គឺបានឃើញក្រុមកម្មករសំណង់ កំពុងធ្វើសកម្មភាពជីករណ្តៅ លើផ្លូវសាធារណៈ ដែលផ្លូវនេះមានទទឹង១៥ម៉ែត្រ ហើយប្រជាពលរដ្ឋ កំពុងធ្វើដំណើរដឹកជញ្ជូនកសិផល ចេញពីចម្ការ ដើម្បីយកទៅលក់នៅទីផ្សារ ជារៀងរាល់ថ្ងៃ។
លោក ស្រេង គឹមស្រ៊ន បានបន្តទៀតថា ផ្លូវនេះត្រូវបានលោកអភិបាលខណ្ឌ ទទួលស្គាល់ថាជាផ្លូវមានសារសំខាន់បំផុត សម្រាប់ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានងាយស្រួល ព្រោះមានទទឹងដល់ទៅ១៥ម៉ែត្រ ហើយបច្ចុប្បន្នប្រជាពលរដ្ឋ កំពុងស្នើសុំឲ្យអាជ្ញាធរខណ្ឌ ដាក់បង្គោលភ្លើងបំភ្លឺ ផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរមានសុវត្ថិភាពនៅពេលយប់។
ក្នុងប្រតិបត្តិការណ៍ចុះទប់ស្កាត់ សកម្មភាពជីករំលោភយកផ្លូវសាធារណៈនេះ ក្រុមចម្រុះបានដកហូតចបកាប់ចំនួន៥ និងប៉ែលចំនួន១ យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីបញ្ឈប់សកម្មភាពល្មើសច្បាប់ បន្តទៀត៕