(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានចាត់លោក តោ វីរ៉ូ អភិបាលរង ខណ្ឌ ដឹកនាំក្រុមការងារជំនាញថ្នាក់ខណ្ឌ សង្កាត់ និងមន្រ្តីពាក់ពាក់ព័ន្ធ ចុះពិនិត្យ និងសម្របសម្រួលការងារជាក់ស្ដែង នៅគម្រោងបុរីវីឡាលាភសំណាង ដែលស្ថិតក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការចាត់ឲ្យមន្ត្រីចុះសម្របសម្រួលនេះ ធ្វើឡើងបន្ទាប់ពីអតិថិជនបុរីនេះ ប្តឹងទៅអាជ្ញាធរក្រោយពេលដែលការសាងសង់បុរីមានភាពយឺតយ៉ាវ។

លោក មៀន សុភ័ណ្ឌ ម្ចាស់គ្រោងបុរីវីឡាលាភសំណាង (អតីតបុរីលាភសំណាង គម្រោង១០) សូមថ្លែងអំណរគុណចំពោះលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងក្រុមការងារដែលបានចុះត្រួតពិនិត្យ និងសម្របសម្រួលរវាងម្ចាស់ផ្ទះ ម្ចាស់គម្រោង និងម្ចាស់បំណុល (អតិថិជន) ឲ្យបានយល់គ្នា។

តាមរយៈការសម្របសម្រួលរបស់លោកអភិបាល អតិថិជនសង្ឃឹមថា នឹងមានលទ្ធផលល្អ និងបានទទួលជោគជ័យ នាពេលអនាគតដ៏ខ្លីខាងមុខ៕