(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី របៀបប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់មន្រ្តី គ.ជ.ប តំណាងក្រសួង-ស្ថាប័ន និងតំណាងគណបក្សនយោបាយ រយៈពេល ១ព្រឹក នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។

តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម៖

*នៅវេលាម៉ោង ៨:០០នាទី ពិធីបើកវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក កែ រឹទ្ធិ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម

*នៅវេលាម៉ោង ១១:១៥នាទី ពិធីបិទវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប៕