(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន នឹងបើកការប្រឡងជ្រើសរើសសិស្ស និស្សិតប្រមាណ ២៦០នាក់ ឲ្យចូលបម្រើការងារក្នុងក្រសួង ក៏ដូចជាមន្ទីរសាធារណការនឹងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្ត។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការប្រឡងជ្រើសរើសមន្រ្តី ដើម្បីយកទៅជំនួសមន្រ្តីដែលចូលនិវត្តន៍ ហើយក៏ដូចជាការបន្ថែមមន្រ្តី ដើម្បីជួយឲ្យការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានលឿនថែមទៀត។ បើតាមលោកទេសរដ្ឋមន្រ្តី ការជ្រើសរើសសិស្ស និស្សិត ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌជាមន្រ្តីរាជការនេះ ក៏ជាការផ្តល់ឱកាសការងារដល់សិស្ស និស្សិតកម្ពុជា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអះអាងថា ការប្រឡងធ្វើដោយឈរលើស្មារតីតម្លាភាព និងយុត្តិធម៌ ដោយមិនមានការសូកប៉ាន់ ឬ អំពើពុករលួយនោះឡើយ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្រប់ដំណាក់កាល នៃការប្រឡងនេះ សុទ្ធតែមានការចូលរួមតាមដានពីមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ។
យើងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មានបេក្ខជនជាង ២ពាន់នាក់ បានដាក់ឈ្មោះចូលរួមការប្រឡងនេះ។
ការប្រឡងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ស្អែកនេះ នឹងធ្វើឡើងនៅវិទ្យាល័យស៊ីសុវត្ថិ និង សាលាបឋមសិក្សាភ្នំដូនពេញ។
ខាងក្រោមគឺជាកាលវិភាគ ប្លង់ និងបញ្ជីរាយនាមបេក្ខជន ដែលត្រូវប្រឡងនៅថ្ងៃស្អែកនេះ៖