(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលក្នុងការកែរប្រែច្បាប់ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចិញ្ចឹមសត្វព្រៃដែលកម្រ និងជ្រើសរើសប្រភេទពូជសត្វមួួយចំនួនដែលជិតផុតពូជឱ្យប្រជាពលរដ្ឋមានការចិញ្ចឹម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវខ្ញុំនិយាយដល់បញ្ហាក្ងោកនេះ ខ្ញុំបានដាក់ចេញហើយ និយាយហើយ សុំឱ្យត្រួតពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ត្រូវធ្វើវិសោនកម្ម ប្តូរពីការរឹតត្បិតទៅជាលើកទឹកចិត្តតែម្តង ដើម្បីបង្កើតសត្វព្រៃឡើងវិញ សត្វនឹងយើងចិញ្ចឹម ប៉ុន្តែយើងអាចយកទៅប្រលែងនៅក្នុងព្រៃ ឱ្យសំបូរទៅដោយសត្វក្ងោក ពេញព្រៃមើល ធ្វើអានឹងមើល បើថាសត្វក្ងោក វាកាក់កបជាមួយនឹងការរស់នៅក្នុងទឹកដីរបស់កម្ពុជា យើងអាចយកក្ងោក យកទៅប្រលែងចោលនៅក្នុងព្រៃ សត្វទាំងឡាយមួយចំនួនដែលយើងអាចចិញ្ចឹមបាន ចិញ្ចឹមហើយ យកវាទៅលែងនៅនឹងព្រៃ រួចហើយវានឹងបង្កើតជាស្ថានភាពដែលល្អសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ពាក់ព័ន្ធនឹងមន្ត្រីដែលចុះទៅអនុវត្តន៍ច្បាប់ដើម្បីរឹបអូសយកក្ងោកពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងនោះ សម្តេចមិនដាក់កំហុសទៅលើមន្ត្រីអនុវត្តន៍ច្បាប់នោះទេ ដោយសារអាចនឹងចេញមកពីច្បាប់ណាមួយដែលមន្ត្រី បានយកទៅអនុវត្តន៍។

ជាមួយគ្នានោះពាក់ព័ន្ធនឹងរឿងការចិញ្ចឹមសត្វព្រៃ (សត្វក្ងោក)នេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធពិនិត្យមើល មានចំណុចណាដែលត្រូវកែរគឺត្រូវតែកែ ព្រោះសភាអាចដំណើរការប្រជុំរហូតទៅដល់ជិតពេលបោះឆ្នោត វាមិនមានបញ្ហាអ្វីនោះទេព្រោះនៅសល់ពេលវេលា អាចដាក់មកគណៈរដ្ឋមន្ត្រីប្រជុំរួចហើយបញ្ជូនទៅសភាដើម្បីកែរច្បាប់បាន ហើយបើទាក់ទងដល់អនុក្រឹត្យគឺកែរអនុក្រឹត្យទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូចនេះដែរថា «យើងគួរលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វកម្រទាំងនេះ ព្រោះនេះវាមិនមានជាការខាតបង់អ្វីនោះទេ តែផ្ទុយទៅវិញវាបានធ្វើឱ្យប្រទេសមួយនេះសំបូរទៅដោយសត្វបក្សាបក្សី ជាពិសេសសត្វក្ងោកដែលជាសត្វដ៏កម្រ នឹងជិតផុតពូជទៅទៀត យើងគួរចេះលើកទឹកចិត្ត និងចេះជ្រើសរើសប្រភេទពូជសត្វមួយចំនួនដែលជិតផុតពូជនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានការចិញ្ចឹម ដែលនេះទើបជាការផ្តល់នូវលទ្ធភាពពិតប្រាកដសម្រាប់ប្រទេសជាតិ ហើយសម្រាប់ប្រជាជន»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមដែរថា សមត្ថភាពនៃកន្លែងចិញ្ចឹមរបស់រដ្ឋ ជាក់ស្តែងដូចជានៅភ្នំតាម៉ៅ មិនប្រាកដថាអាចចិញ្ចឹមសត្វរស់នោះទេ ដោយសារអាចមានការខ្វះខាតនូវចំណីសម្រាប់សត្វ។ សម្តេចក៏បានគូសបញ្ជាក់ដែរថា សុំឱ្យមន្ត្រីអនុវត្តន៍ ពេលចុះអនុវត្តន៍អ្វីក៏ដោយត្រូវតែឱ្យមានភាពឈ្លាសវ៉ៃបន្តិចផងដែរ៕