(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ត្រីនៃកម្ពុជា បានថ្លែងថា បើទោះបីជាបច្ចុប្បន្នមានប្រទេសមួយចំនួនអាចនឹងប្រកាសថាជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា តែសម្រាប់កម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយក៏មិនទម្លាក់ចោលការការពារជំងឺកូវីដ១៩ នោះដែរ។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ពាន់នាក់ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «តែខ្ញុំគិតថា យើងមិនប្រកាសថាកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតា ដែលប្រទេសមួយចំនួនអាចប្រកាសចេញថាកូវីដ គឺជាជំងឺផ្តាសាយធម្មតា យើងជាប្រទេសទន់ខ្សោយ យើងត្រូវតែមានការប្រុងប្រយ័ត្ន យើងមិនដាក់ជាកាតព្វកិច្ចពាក់ម៉ាស់ទេ ប៉ុន្តែ យើងក៏លើកទឹកចិត្តឱ្យប្រជាជនពាក់ម៉ាស់បន្ត នៅទីប្រជុំជន ឬនៅតាមទីកន្លែងផ្សេងៗ យើងអត់ទាន់បោះចោលនូវកិច្ចការការពារខ្លួននោះទេ»

ជុំវិញចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើយើងចាត់ទុកថា ជំងឺកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតា ដូច្នេះ យើងគ្មានហេតុផលអំពាវនាវឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នោះទេ។

«ដូច្នេះ ចំណុចនេះ គឺជាចំណុចដែលខ្ញុំត្រូវនិយាយស្កាត់ទុកឱ្យហើយ ក្រែងលោមានមតិណាមួយលើកឡើងថា ប្រទេសដទៃនប្រកាសដាក់ជំងឺហ្នឹងទៅជាជំងឺផ្តាសាយធម្មតា កម្ពុជា មិនមានការចាំបាច់នោះទេ អ៊ឹចឹងលោកជំទាវ ឱ វណ្ណឌីន នៅបន្តការខិតខំដើម្បីចាក់វ៉ាក់សាំងតទៅទៀត»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបថា មានប្រទេសមួយនៅតំបន់អឺរ៉ុប ចង់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា បន្ថែមទៀត។ ជុំវិញការផ្តល់វ៉ាក់សាំងនេះ សម្តេចបានឱ្យដឹងថា ត្រូវបានលោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ធ្វើលិខិតថ្លែងអំណរគុណរួចហើយ ប៉ុន្តែ កម្ពុជា មិនត្រូវការយកវ៉ាក់សាំងមកទុកចោលនោះទេ ព្រោះកម្ពុជា នៅសល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ច្រើនណាស់ដែលមិនទាន់នប្រើប្រាស់។

ទន្ទឹមនឹងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងឃ្លាំងចំនួន ៦លានដូស ខណៈចំនួន២០លានដូស មិនទាន់ដឹកមកដល់កម្ពុជា។ សម្តេចតេជោ ក៏សូមអរគុណចំពោះទឹកចិត្តមិត្តភក្តិបរទេសដែលបានជួយប្រទេស និងប្រជាជនកម្ពុជា នៅក្នុងពេលវេលាដ៏លំបាកនៃដំណាក់កាលឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៨,៧១៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៦៥៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

បើយោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER គិតត្រឹមថ្ងៃទី០១ ខែមីនានេះ ទូទាំងពិភពលោកបានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៧៩,៩៧២,១៨៧នាក់, ស្លាប់ចំនួន ៦,៨០០,១៨៩នាក់ និងជាសះស្បើយចំនួន ៦៥២,៨៤៥,៥៩២នាក់។

ខណៈប្រទេសសមាជិកអាស៊ានទាំងអស់ បានកើនឡើងដល់ជាង ៣៥.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៦ម៉ឺននាក់ដែរ។ ប្រទេសវៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ៕