(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះបានបញ្ជាក់ឲ្យដឹងថា សម្តេចធ្លាប់បានរំលឹកដល់មិត្តភក្តិបរទេសខ្លះ សុំកុំឲ្យកសាងកំហុសទី៣មកលើកម្ពុជា ព្រោះប្រទេសដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យមួយចំនួន ធ្លាប់បានប្រព្រឹត្តកំហុសចំនួន ២លើករួចមកហើយ លើប្រទេសដ៏អភ័ព្វមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំហុសទី១ គឺប្រទេសដែលតាំងខ្លួនប្រជាធិបតេយ្យ ប៉ុន្តែមិនស្មានថាបែរជាគាំទ្ររដ្ឋប្រហារយោធា នៅទីក្រុងភ្នំពេញ ទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ នៅឆ្នាំ១៩៧០ ដែលជារដ្ឋប្រហារបើកផ្លូវ ឲ្យមានរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្លាប់ប្រជាជនខ្មែររាប់លាននាក់។
សម្រាប់កំហុសទី២ គឺការគាំទ្រអាសនៈរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ រហូតដល់ទៅជាង១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបានបង្ហាញការសោកស្តាយនូវឥរិយាបទការបរទេសរបស់ខ្លួន មកដល់កម្ពុជានោះទេ ដោយមើលមិនឃើញពីទុក្ខវេទនា និងការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរឡើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំគ្រាន់តែទូន្មាន ឬក៏ផ្តល់យោបល់ឲ្យអ្នកឯង [ប្រទេសប្រជាធិបតេយ្យខ្លះ] សុំកុំកសាងកំហុសទី៣លើកម្ពុជា នេះជាពាក្យដែល ហ៊ុន សែន និយាយជាមួយប្រទេសមួយចំនួន ដែលមកជួបជាមួយខ្ញុំ ហើយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ មានអ្នកខ្លះបាននិយាយថា នេះជាកំហុសធំ ក្នុងអតីតកាលរបស់គេ ប៉ុន្តែអត់ហ៊ាននិយាយក្នុងអង្គប្រជុំទេ និយាយពេលជូនដំណើរចេញ លួចខ្សឹបប្រាប់យើង។ កំហុសដែលពួកគេបានធ្វើចំពោះយើង គេមិនដែលបានសុំទោស ឬក៏សំដែងការសោកស្តោយទេ»។
ជាមួយគ្នានេះ សម្តេចតេជោបានលើកឡើងថា តាមការសង្កេតរបស់សម្តេច បណ្តារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ឬប្រធានាធិបតីនៅលើពិភពលោកនេះ ងាយស្រួលណាស់ ក្នុងការចូលកាន់តំណែងដោយសារអ្វីៗមានស្រាប់ មានក្រសួងស្ថាប័នត្រឹមត្រូវទាំងអស់ គ្រាន់តែធ្វើយ៉ាងណាឲ្យប្រកួតប្រជែងឈ្នះឆ្នោត អាចឡើងកាន់អំណាចបាន មានកន្លែងអង្គុយស្រួល ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺចាប់ផ្តើមពីការរៀបចំឡើងវិញ តាំងពីបាបដៃទទេ ត្រូវកសាងស្ថាប័ន ក្រសួងឡើងវិញ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុលពត៕