(ភ្នំពេញ)៖ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ និងជាតំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួង នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយ Ambassador Michael Michalak និងមានតំណាងស្ថានទូតអាមេរិក និងក្រុមហ៊ុនអាមេរិកមួយចំនួនចូលរួមផងដែរ។

ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត ហេង សុខគង់ បានលើកឡើងពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេសអរគុណដល់ក្រុមហ៊ុនអាមេរិកទាំង២០ ដែលបាននិងកំពុងដំណើរការរោងចក្រនៅកម្ពុជាជាមួយដើមទុនវិនិយោគប្រមាណ១៦១,៩លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្តនានា ក៏ដូចជាសហរដ្ឋអាមេរិកផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២២កន្លងទៅ ក្នុងនាមជាប្រធានអាស៊ានកម្ពុជា បានទទួលស្វាគមន៍លោកប្រធានាធិបតី ចូ បៃឌិន មកកម្ពុជា ហើយសម្តេចតេជោ ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា និងអាស៊ាន ទៅធ្វើជាសហប្រធានក្នុងកិច្ចប្រជ៉ំពិសេសអាមេរិក អាស៊ាននៅសេតវិមានប្រកបដោយភាពជោគជ័យខ្ពស់ ដែលកត្តាទាំងនេះកាន់តែបង្កលក្ខណៈងាយដល់បណ្តាវិនិយោគិនអាមេរិកមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។

លោកបណ្ឌិត ហេង សុខគង់ បានជម្រាបជូនភាគីអាមេរិកថា ក្រសួងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ក្រសួងបានរៀបចំ និងដើរយ៉ាងលឿនលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ធនធានសម្ភារៈ និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធវិស័យដែលក្រសួងទទួលបន្ទុកដូចជា ឧស្សាហកម្ម SMEs ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដូចជាការរៀបចំគោលនយោបាយជាតិ ផែនទីបង្ហាញផ្លូវ Ecosystem វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ស្តង់ដាររថយន្ត និងរថយន្តអគ្គិសនី EV ជាដើម និងលើកទឹកចិត្តក្រុមហ៊ុនអាមេរិកមកវិនិយោគលើរោងចក្រផលិតគ្រឿងបង្គំរថយន្ត និងផលិតផលិតផលបច្ចេកវិទ្យាជាដើម។

ភាគីអាមេរិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនដ៏លឿនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យវិទ្យាសស្ត្រ និងបច្ចេកវិទ្យា ហើយភាគីអាមេរិកបានជំរុញកិច្ចពិភាក្សាបន្ថែមទៀតផ្តោតជាសំខាន់ លើកិច្ចសហការលើវិស័យ SMEs, ស្តង់ដារយានយន្ត EV បច្ចេកវិទ្យាយានយន្ត Cybersecurity និងបច្ចេកវិទ្យាវេជ្ជសាស្ត្រជាដើម។

ក្នុងនោះក្រុមហ៊ុនអាមេរិកមួយចំនួន ក៏ចាប់អារម្មណ៍ក្នុងការចូលរួម ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងប្រារព្វធ្វើចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ហើយ Ambassador Micheal Michalak ស្នើស៉ំឯកសារពាក់ព័ន្ធដើម្បីជួយផ្សព្វផ្សាយបន្តដល់ក្រុមហ៊ុនអាមេរិកដទៃទៀត៕