(ភ្នំពេញ)៖ ឱសានវាទ នៃការអនុញ្ញាតឱ្យបុគ្គលិក VOD ស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ខណៈដែល មានបុគ្គលិក VOD សរុប២៨នាក់ បានដាក់ពាក្យស្នើសុំចូលបម្រើការងារក្របខណ្ឌរដ្ឋ តាមរយៈក្រសួងមុខងារសាធារណៈ។

នេះបើតាមលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ។

ការអនុញ្ញាតឱ្យបុគ្គលិក VOD ដាក់ពាក្យសុំបម្រើការងារក្របខណ្ឌរដ្ឋនេះ ធ្វើឡើងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវានៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលសម្រេចផ្តល់ការងារក្របខណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ VOD ដើម្បីដោះស្រាយការលំបាកក្នុងជីវភាព បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួង​ព័ត៌មាន​បិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោស​ជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។

អតីត​បុគ្គលិក​របស់វិទ្យុ VOD ត្រូវបានគេអះអាងថា មានចំនួនសរុបជាង ៥០នាក់ ក្នុងពេលដែល VOD ត្រូវបានបិទ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសសម្រាប់ការដាក់ពាក្យចូលបម្រើការងារក្នុង​ក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានក្តីអនុគ្រោះ និងឱកាសដ៏កម្រនេះ អតីតបុគ្គលិករបស់វិទ្យុ VOD ក៏បានមកដាក់ពាក្យចូលបម្រើការងារក្របខណ្ឌរដ្ឋជាបន្តបន្ទាប់៕