(ភ្នំពេញ)៖ នៅលើកគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៥ បានរកឃើញម្ចាស់ជយលាភី Top-1 ហើយ គឺបានទៅលើ បេក្ខនារី ឡាត់ ម៉ាលីស ដែលផលិតជាវិដេអូចំណងជើងថា «កម្លាំងយុវជន» បន្ទាប់ពីទទួលបានការ 13,728 Likes។
Facebook សម្តេចតេជោបានបញ្ជាក់ទៀតថា «ចំពោះបេក្ខជនបេក្ខនារី ដែលបានជាប់ TOP-1 និង TOP-10 ទាំងអស់នឹងចូលរួមទទួលពានរង្វាន់ប័ណ្ណសរសើរ «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាពនាពេលខាងមុខនេះ នឹងប្រកាសជូនដំណឹងតាម Faceook សម្តេចតេជោ ក្នុងពេលឆាប់ៗនេះ»។
Facebook សម្តេចតេជោ ហ៊ុន សែន បន្ថែមទៀថា កន្លងទៅមានបេក្ខជនបេក្ខនារី បានទទួលដំណឹងតាមអ៉ីម៉ែល មានដាក់ឈ្មោះសម្តេចតេជោនោះ គឺមិនពិតទេ គឺជាអ៉ីម៉ែលបោកប្រាស់ (Scam)។ កម្មវិធីនេះមិនមានការទំនាក់ទំនងតាមអ៉ីម៉ែលឡើយ។ ព័ត៌មានបន្ថែមសូមទាក់ទង 077568899។
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៥ បានបើកឲ្យយុវជន ដាក់ពាក្យចូលរួមប្រកួត កាលពីថ្ងៃទី២០-២៤ ខែមិថុនា ឆ្នាំ២០១៦។ កម្មវិធីនេះ បានរៀបចំ៤លើករួចមកហើយ ដោយបេក្ខជនជយលាភីទាំង១០ ទទួលបានពានរង្វាន់យុវជន និងលិខិតសរសើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមទាំងរង្វាន់ជាច្រើនទៀត៕