(កណ្ដាល)៖ នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល» ជុំទី២ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាសរុបប្រមាណ ៤០នាក់។
លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីពេលដែលមហាសន្និបាតអាណត្តទី២របស់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៨ បានបោះឆ្នោតជ្រើសតាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធានដឹកនាំរៀងមក។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់ ផ្តោតអាទិភាពលើការងារអភិបាលកិច្ចល្អ និងបន្តអភិវឌ្ឍស្ថាប័នរបស់កាកបាទក្រហមកម្ពុជា រហូតដល់សម្រេចបានការកសាងយុទ្ធសាស្ត្រទី១របស់កាកបាទក្រហមកម្ពុជា ២០០៣-២០១០ ដើម្បីកសាងកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ។
ការអភិវឌ្ឍជាជំហានៗរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១០ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំឱ្យមានសិក្ខាសាលាមួយ ដើម្បីរៀបរយការងារអភិវឌ្ឍស្ថាប័ននេះ ឱ្យមានសូចនាករទៅតាមលក្ខណៈរបស់កម្ពុជា។ ពេលនោះហើយ គឺជាពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសអនុវត្តទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខា ហើយអ្វីដែលត្រូវបានយកធ្វើជាផែនទីបង្ហាញផ្លូវ ដើម្បីឱ្យសម្រេចបានទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខានេះគឺ យុទ្ធសាស្ត្រទី២ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។
លោកស្រី ម៉ែន នារីសោភ័គ បានបន្ដថា រហូតមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលមានទស្សនវិស័យ ធ្វើយ៉ាងណាឱ្យកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងក្លាយជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ និងសម្រេចបានបេសកកម្ម ក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ៤-ការអភិវឌ្ឍស្ថាប័ន។
លោកស្រីអគ្គលេខាធិការរងទី១ បានបញ្ជាក់ទៀតថា «ការងារអភិវឌ្ឍស្ថាប័ន គឺត្រូវផ្តោតលើការពង្រឹងសមត្ថភាពសាខា អនុសាខា ក្រុមកាកបាទក្រហម ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្ម ឱ្យស្របនឹងទិសស្លោកជាសកល របស់សហព័ន្ធអន្តរជាតិ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និងជឿជាក់យ៉ាងមុតមាំថា អ្វីដែលបានដាក់ជាការងារអាទិភាពទាំងអស់នោះ ក្រុមប្រតិបត្តិទាំងសាខា-អនុសាខា នឹងអាចយកទៅអនុវត្តបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។
ថ្លែងក្នុងឱកាសនៃការបិទកិច្ចប្រជុំ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរចំពោះគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ-ចិត្តបំពេញការងារមនុស្សធម៌នាពេលកន្លងមក។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានអនុវត្តការប៉ាន់ប្រមាណសមត្ថភាពសាខា ជុំទី១ (នៅឆ្នាំ២០១៥) ចំពោះសាខាទាំង២៥រាជធានី-ខេត្ដបានចប់សព្វគ្រប់ហើយ ដោយបានឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០១១-២០២០។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្ត ការប៉ាន់ប្រមាណសមត្ថភាពសាខា ជុំទី២នេះ ដោយឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលបានចាប់ផ្តើមអនុវត្តជំហានដំបូងក្នុងជុំទី២នេះ សម្រាប់សាខាចំនួន៤ រួមមាន៖ ខេត្ដត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកណ្តាល ដែលជាសាខាគោលដៅកំពុងអនុវត្តកម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្រោមការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមហ្វាំងឡង់។
លទ្ធផលនៃការប៉ាន់ប្រមាណសមត្ថភាពសាខាខាងលើនេះ គឺជាផែនទីចង្អុលផ្លូវសម្រាប់ឱ្យសាខាធ្វើការកសាងផែនការអភិវឌ្ឍ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ដើម្បីឈានទៅសម្រេចបានគោលដៅ និងលទ្ធផលរំពឹងទុកនៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ ចំពោះសាខាដទៃផ្សេង កាកបាទក្រហមកម្ពុជា នឹងបន្តចុះផ្សព្វផ្សាយពីយុទ្ធសាស្ត្រ និងអនុវត្ដការប៉ាន់ប្រមាណសមត្ថភាព ជាបន្តបន្ទាប់ផងដែរ៕