(ភ្នំពេញ)៖ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិតក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិជាច្រើនរូប នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ពិធីទទួលសពនេះត្រូវបានរៀបចំតាមបែបប្រពៃណីសាសនាព្រះពុទ្ធ ព្រមទាំងរៀបចំតាមបែបយោធាដោយក្បួនត្រែទ័ព ដើម្បីឱ្យសាកសមនឹងកិត្តិយស សេចក្តីអង់អាចក្លាហានរបស់កងទ័ព ក្នុងបុព្វហេតុជាតិមាតុភូមិ និងបុព្វថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងមានសង្គ្រាម មុននឹងបញ្ជូនទៅកាន់គេហដ្ឋានស្ថិតនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសារសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលបានពលីជីវិតនៅក្នុងពេលដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។

ស្ថិតក្នុងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត សូមបានទៅចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

គួរជម្រាបថា សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៖០០នាទី។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។

គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១១រូបហើយ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕