(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ហើយក៏ជាឱកាសសម្រាប់លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិផងដែរ។
ក្នុងឱកាសចូលរួមធ្វើបាឋកថាសាធារណៈស្តីពី «វឌ្ឍនភាពនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ក្នុងរយៈពេល២ទសវត្សរ៍» នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ក្នុងកិច្ចប្រជុំ ASEM កម្ពុជាតែងតែចូលរួមផ្តល់ផ្តល់យោបល់ ក្នុងការតាក់តែង កែសម្រូលលើឯកសារផ្លូវការទាំងឡាយ និងចូលរួមចំណែករកដំណោះស្រាយ និង ស្វែងរកកុងសង់ស៊ីសលើបញ្ហាប្រឈមថ្នាក់តំបន់ និង សាកល។
លោក ប្រាក់ សុខុន បានបន្តថា កិច្ចប្រជុំ ASEM ក៏បានផ្តល់ផលប្រយោជន៍ ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រ ទេសសមាជិកមួយចំនួន ហើយកិច្ចប្រជុំនេះ ក៏ជាការជំរុញកិច្ចសហប្រតិបត្តិ និងការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍។ កិច្ចប្រជុំ ASEM ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស របស់ប្រទេស នៅតាមស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋសភា វិស័យឯកជន នៅកម្ពុជា តាមរយៈការរៀបចំ និងចូលរួមក្នុងសន្និសីទ សិក្ខាសាលា និង ការបណ្តុះបណ្តាលផ្សេងៗ។
លោក ប្រាក់ សុខុន បានបន្ថែមថា «ខ្ញុំសូមសង្កត់បន្ថែមថា ការតភ្ជាប់ទាំងនេះ មានសារៈសំខាន់ណាស់សម្រាប់វិបុលភាព ស្ថេរភាពក្នុងតំបន់ និងការកសាងទំនុកចិត្ត ដើម្បីដោះស្រាយរួមគ្នាបញ្ហាប្រឈមរបស់តំបន់ទាំងពីរ»។
លោក ប្រាក់ សុខុន សង្ឃឹមថា ឆ្លងតាមកម្មវិធីបាឋកថាសាធារណៈថ្ងៃនេះ អ្នកចូលរួមជាពិសេស សាស្រ្តាចារ្យ សិស្ស និស្សិត នឹងបានយល់ច្បាស់លាស់អំពីអ្វីទៅជា ASEM នឹងសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬ ASEM បង្កើតឡើងនៅឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ASEM មានតែសមាជិកស្ថាបនិកចំនួន២៦ ក្នុងនោះ រួមមានប្រទេស១០នៅអាស៊ី ប្រទេស ១៥នៅអឺរ៉ុប និង គណៈកម្មាធិការអឺរ៉ុប។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងរយៈពេល ២ទសវត្សរ៍នេះ ASEM សម្រេចបានសមិទ្ធផលជាច្រើន មានជាអាទិ៍៖
- បានបង្កើនសមាជិកភាពរបស់ខ្លួនរហូតដល់៥៣នាពេលបច្ចុប្បន្ន ក្នុងប្រទេសក្នុងតំបន់អាស៊ីចំនួន២១ ប្រទេសអឺរ៉ុប៣០ លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។ លើសពីនេះ នៅមានប្រទេសជាច្រើនទៀត ជាពិសេសនៅតំបន់អឺរ៉ុប ដែលបានបង្ហាញពីចំណាប់អារម្មណ៍ចង់ចូលជាសមាជិក ASEM ផងដែរ។ ដោយសារការពង្រីកសមាជិកភាពនេះ សេដ្ឋកិច្ច ASEM គ្របដណ្តប់ជាង ៥ភាគរយ នៃ GDP សរុបរបស់ពិភពលោក និងជាង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានប្រជាជនជាង ៥៨ភាគរយ នៃប្រជាជនសកល។ កត្តាទាំងអស់នេះ ឆ្លុះបង្ហាញពីភាពទាក់ទាញ និងសារៈសំខាន់ នៃ ASEM។
- បានរួមចំណែកដល់ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសកលធំៗ ដូចជា៖ ការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ បញ្ហាអាវុធប្រល័យលោក (Weapones of mass destruction or WMD) ភេរវកម្មលំហូរជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ និងបញ្ហាសន្តិភាពអន្តរជាតិ។ ក្នុងនោះ ASEM គឺជាវេទិកាមួយសម្រាប់ប្រទេសសមាជិក ផ្លាស់ប្តូរ និងជំរុញសាកល្បងគំនិត ឬ គោលនយោបាយថ្មី ក្នុងរូបភាពបើកចំហ និងទូលំទូលាយក្នុងន័យស្ថាបនា លើបញ្ហាប្រឈមពិភពលោកនាពេលបច្ចុប្បន្ន។
ASEM ក៏ជាវេទិកា ដែលបំពេញបន្ថែម ឬបើនិយាយឲ្យស្រួលយល់ ASEM មិនមែនជាវេទិកាជំនួសឲ្យវេទិកាទ្វេភាគី ឬពហុភាគីផ្សេងទៀតរវាងទ្វីបអាស៊ី និងអឺរ៉ុបឡើយ។ ASEM បានជំរុញឲ្យតំបន់អឺរ៉ុប និងអាស៊ី មានទស្សនៈវិស័យកាន់តែទូលំទូលាយ និង ក៏បានផ្តោតសារៈសំ ខាន់លើការតភ្ជាប់រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការតភ្ជាប់ទំនាក់ទំនងប្រជាជន និងវប្បធម៌ រវាងតំបន់ទាំងពីរផងដែរ៕