(ភ្នំពេញ)៖ តាមការគ្រោងទុកសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត មានតួនាទីមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី នឹងបញ្ជូនមកដល់មាតុភូមិកម្ពុជា នៅរាត្រីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

គួរជម្រាបថា សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២:៥០នាទី ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម។

សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទីទៅដល់ទីក្រុង Bamako វេលាម៉ោង១៥៖០០នាទី។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ទីបញ្ហាការ MINUSMA ក្នុងរដ្ឋធានី Bamako បានរៀបចំប្រារព្ធវិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងស្រីលង្កា ដោយមានការចូលរួមពីសំណាក់តំណាងពិសេស អគ្គលេខាធិការ អ.ស.ប មេបញ្ជាការកងកម្លាំងស្ដីទី មន្ត្រីជាន់ខ្ពស់ អ.ស.ប នាយទាហានតំណាងប្រទេសនានាក្នុងតំបន់បេសកម្ម ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលម៉ាលីផងដែរ។

គិតមកដល់ឆ្នាំ២០២៣នេះ កងទ័ពមួកខៀវកម្ពុជាបានស្លាប់ចំនួន១១រូប ខណៈអ្នកធ្លាប់រងរបួសមាន ១៥រូប អំឡុងពេលបំពេញបេសកកម្មនៅតាមតំបន់គោលដៅផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពខៀវ ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ពាន់នាក់ នៅប្រទេសចំនួន៩រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន៕