(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្ថម្ភថវិកា ១០លានរៀល ទៅម្ចាស់ក្ងោក។ នេះបើតាមការបញ្ជាក់របស់លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ប្រាប់ Fresh News នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក សេង ទៀង បានបញ្ជាក់ទៀតថា ថវិកាជាអំណោយរបស់សម្តេចតេជោ ត្រូវបានលោកទាក់ទងលោក យឹម សំអឿន ជាម្ចាស់ក្ងោក ដើម្បីប្រគល់ជូនគាត់ហើយ។ បើតាមលោក សេង ទៀង ការឧបត្ថម្ភថវិកានេះ ជាការលើកទឹកចិត្តដល់ម្ចាស់ក្ងោក ចំពោះការស្រឡាញ់ និងចិញ្ចឹមសត្វក្ងោករយៈពេលជិត ១០ឆ្នាំមកនេះ។
សូមបញ្ជាក់ថា លោក យឹម សំអឿន បានចិញ្ចឹមក្ងោករយៈពេលជិត១០ឆ្នាំមកហើយ នៅផ្ទះរបស់លោកក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នក្ងោករបស់គាត់មានចំនួនប្រមាណ ២០ក្បាល។ លោក យឹម សំអឿន បានប្រាប់ Fresh News ថា តាំងពីចិញ្ចឹមមកលោកមិនដែលលក់សត្វក្ងោកនោះឡើយ។ មានម្តងនោះលោកទាល់លុយពេក ទើបប្រកាសលក់តាមហ្វេសប៊ុក។ តែក្រោយមកលោកលុបវិញ ហើយមិនមានលក់នោះឡើយ។
សប្តាហ៍កន្លងទៅនេះ សត្វក្ងោករបស់លោកត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើចុះរឹបអូសយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ ក្រោមហេតុផលច្បាប់ហាមឃាត់មិនឱ្យចិញ្ចឹម។
លោក យឹម សំអឿន រួមទាំងអ្នកលេងបណ្តាញសង្គមបានរួមគ្នាប្រតិកម្ម និងទាមទារសត្វក្ងោកនោះត្រឡប់មកវិញ។
នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិបត្តិការ និងបញ្ជាឱ្យយកសត្វក្ងោកទាំងនោះប្រគល់ជូនម្ចាស់ដើមវិញ។ មន្ត្រីរដ្ឋបាលព្រៃឈើ បាននាំយកសត្វក្ងោកទាំងនោះ ទៅដល់ផ្ទះរបស់លោក សំអឿន វិញ នៅវេលាម៉ោងប្រមាណ ៥៖៣៣នាទីល្ងាចនេះ។
លោក យឹម សំអឿន ក៏ដូចជាក្រុមគ្រួសារ ដែលមានការស្រឡាញ់សត្វក្ងោកយ៉ាងជ្រាលជ្រៅនោះ បានសម្តែងនូវទឹកចិត្តរីករាយ ព្រមទាំងគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងជ្រាលជ្រៅជាទីបំផុត៕