(កំពត)៖ ប្រជានេសាទសហគមន៍ត្រពាំងសង្កែប្រមាណជា ១០០គ្រួសារ ស្ថិតនៅស្រុកឈូក ខេត្តកំពត រស់អាស្រ័យផលដោយការនេសាទ ដើម្បីចិញ្ចឹមជីវិត បានទទូចឲ្យអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធជួយបញ្ឈប់សកម្មភាពជីកដីលុបឆ្នេរព្រែកក្បាលរមាស ក៏ដូចជា ព្រៃកោងកាងពីសំណាក់សហគមន៍ស្រែអំបិល ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានសមុទ្រ និងការនេសាទរបស់ប្រជាពលរដ្ឋ។
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា សហគមន៍ស្រែអំបិល ដែលទទួលបាន ច្បាប់អនុញ្ញាតពី ក្រសួងរ៉ែ និងថាមពល បានធ្វើសកម្មភាពជីកដីពីព្រែកក្បាលរមាស យកមកចាស់នៅតាមឆ្នេរព្រែកធ្វើជាស្រែអំបិល ដោយ រំលោភលើគោលការណ៍ ដែលក្រសួងបានអនុញ្ញាត។
បើតាមលោកប្រធានសហគមន៍ តាមការគ្រោងទុកការចាក់ដីលុបឆ្នេរធ្វើជាស្រែអំបិលនេះ លាតសន្ទឹងតាមបណ្តោយឆ្នេរប្រវែងប្រមាណ ៦ គីឡូម៉ែត្រ។ លោក សឹម ហ៊ីម បានឲ្យដឹងផងដែរថា ការលុបឆ្នេរព្រែកនេះ មិនត្រឹមតែជាការលុបលើព្រៃកោងកាង ដែលប្រជាសហគមន៍នេ សាទប្រឹងប្រែងអភិរក្សតែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យប៉ះពាល់ការនេសាទ របស់ប្រជាពលរដ្ឋក្រីក្ររស់ពឹងការនេសាទសមុទ្រ ហើយក៏ធ្វើឲ្យ ប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។
លោក សឹម ហ៊ីម បានបញ្ជាក់ថា មានប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារមកពីឃុំកូនសត្វ ឃុំកំពង់សំរោង ឃុំត្រពាំងក្រពើ និង ឃុំត្រពាំង សង្កែ បានរស់នៅអាស្រ័យផលដោយការនេសាទលក្ខណៈគ្រួសារ។
លោក សឹម ហ៊ីម បានរំលឹកថា កាលពីដើមឡើយ នៅតំបន់ឆ្នេរព្រែក ក្បាលរមាស ដែលគ្មានអភិរក្សពីសហគមន៍មិនសូវមានជីវៈចម្រុះនោះ ទេ ដោយសារមានបទល្មើសនេសាទច្រើន និងមានការកាបទន្រ្ទានព្រៃ កោងកាងជាដើម។ លុះក្រោយមកប្រជាពលរដ្ឋបានចងក្រងជាសហ គមន៍ ហើយធ្វើការអភិរក្សព្រកោងកាង និងទប់ស្កាត់បទល្មើសនេសាទ ធ្វើឲ្យជីវៈចម្រុះនៅតំបន់នោះមានការកើនឡើងវិញ។
ក្រោយពេលមានវិធានការអភិរក្ស ធ្វើសម្បូរជីវៈចម្រុះ ហើយមានប្រជាពលរដ្ឋជាច្រើន ដែលធ្លាប់ធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅតំបន់ ផ្សេងៗ នាំគ្នាវិលត្រឡប់មកនេសាទ នៅក្នុងសហគមន៍វិញ។ ក្រៅពីការនេសាទតាមលក្ខណៈគ្រួសារហើយនោះ ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏អាចរកចំណូលបានពីការបម្រើសេវាកម្មទេសចរណ៍ ដល់អ្នកដែលទៅលេងកម្សាន្ត នៅតំបន់នោះផងដែរ។
បើតាមលោក សឹម ហ៊ីម ការកាយដីពីក្នុងព្រែកក្បាលរមាសមកលុបឆ្នេរព្រែក ធ្វើជាស្រែអំបិលនេះ នឹងធ្វើឲ្យព្រៃកោងកាងនៅតាមឆ្នេរជា ច្រើន ត្រូវងាប់បាត់បង់ជម្រកជីវៈចម្រុះ នឹងធ្វើឲ្យប៉ះពាល់ការនេសាទ របស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ការកាយដីពីក្នុងព្រែកធ្វើឲ្យ ជម្រៅព្រែកកាន់តែជ្រៅ ហើយលំហូរទឹកក្នុងព្រែកកាន់តែខ្លាំង ជាហេតុធ្វើឲ្យភ្ញៀវទេសចរ ទៅលេងនៅទីនោះ មិនអាចអុំកាយ៉ាក លេង កម្សាន្តបានទៀតនោះទេ។
លោកបានបញ្ជាក់ដូច្នេះ «ការកាយដីព្រែកនេះ វាធ្វើឲ្យព្រែកកាន់តែជ្រៅទឹកហូរកាន់តែខ្លាំង មិនអាចឲ្យអ្នកទៅលេងទីនោះអាចអុំកាយ៉ាក លេងកម្សាន្តបានទេ។ មួយវិញទៀត ប្រជាពលរដ្ឋ ដែលធ្លាប់នាំកូនតូចទៅដើរស្វែងចាប់បង្គារ ចាប់ក្តាមជាដើមនោះ ក៏មិនអាចរកបានដែរ ព្រោះទឹកវាជ្រៅ»។
លោក សឹម ហ៊ីម បានបញ្ជាក់ផងដែរថា ប្រសិនសកម្មភាពជីកព្រែកលុបព្រៃកោងតំបន់នោះ មិនត្រូវបានទប់ស្កាត់ និងបញ្ឈប់ទេនោះ នឹងធ្វើ ឲ្យប្រជាពលរដ្ឋ ក្នុងសហគមន៍នេសាទ ត្រូវបាត់បង់ចំណូលប្រចាំថ្ងៃ ហើយក៏អាចនឹងធ្វើឲ្យប្រជាពលរដ្ឋ ត្រូវធ្វើចំណាកស្រុករកការងារជាថ្មី។
លោកប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបញ្ជាក់ថា បច្ចុប្បន្នខាងសាលាខេត្ត បានចុះមកសម្របសម្រួលផ្អាកសកម្មភាពលុបព្រៃ កោងកាងជាបណ្តោះអាសន្នហើយ តែប្រជាពលរដ្ឋក្នុងសហគមន៍ នៅតែទទូចឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពនេះជាស្ថាពរ និង សុំឲ្យកាយដី ចូលព្រែក ដើម្បីរំដោះផ្ទៃដីសម្រាប់ព្រៃកោងកាងដុះឡើងវិញ ផ្តល់ជម្រកដល់ធនធានសមុទ្រ ហើយក៏បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជា នេសាទផងដែរ។
ពាក់ព័ន្ធនិងបញ្ហានេះ អង្គភាពព័ត៌មាន Fresh News បានព្យាយាមសុំការបំភ្លឺពីលោក ច័ន្ទ ចេស្តា អភិបាលខេត្តកំពតផងដែរ នៅថ្ងៃនេះ ដោយទូរស័ព្ទហៅចូលហើយ គ្មានអ្នកទទួលនោះទេ៕