(បាងកក-ថៃឡង់ដ៏)៖ ការិយាល័យ ONCB នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបើកពិធី​បណ្តាញ​យុវជន​ ស្តីពី​កម្មវិធី​ទប់ស្កាត់​គ្រឿងញៀន លើក​ទី​២ ក្រោមអធិបតីភាព លោក Wichai Chaimongkhon អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន។ ក្នុងនោះមានការអញ្ជើញចូលរួមពីអ្នកដឹកនាំយុវជន និងយុវជនឆ្នើមមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

លោកឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកសម្របសម្រួល បានឲ្យដឹងថា លោក Wichai Chaimongkhon អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះក្រុមបណ្តាញយុវជនមកពីប្រទេសមហាអនុតំបន់មេគង្គ មាន៖ ប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយលោកមានសេចក្តីសោមនស្សរីករាយដែលបានចូលជាអធិបតី ក្នុងពិធីបើកបណ្តាញយុវជន ស្តីពីកម្មវិធីទប់ស្កាត់គ្រឿងញៀន លើកទី២។

លោកឧត្តមសេនីយ៍ត្រី យិន យឿត បានបន្ថែមថា អគ្គលេខាធិការ ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ បានអះអាងថា ត្រីកោណមាស គឺជាកន្លែងផលិតគ្រឿងញៀនដ៏ធំបំផុតមួយក្នុងពិភពលោក ដែលបង្កើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាច្រើន ជាពិសេសប្រទេសនៅក្នុងមហាអនុតំបន់មេគង្គ ដូចជា កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

ដូច្នេះហើយប្រទេសថៃ បាននិងកំពុងធ្វើការជាមួយគ្រប់ប្រទេស និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលអន្តរជាតិ ដើម្បីត្រួតពិនិត្យ ស្ទាក់ចាប់ និងបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់។ ចំពោះការទប់ស្កាត់គ្រឿងញៀន ការចូលរួមពីវិស័យសាធារណៈ ឯកជន និងប្រជាពលរដ្ឋ និងបណ្តាញផ្សេងៗត្រូវបានបង្កើតឡើង។

គួរជម្រាបថា បណ្តាញយុវជន គឺជាបណ្តាញមួយដែលមានសារៈសំខាន់សម្រាប់ការជំរុញការផ្លាស់ប្តូរនៅក្នុងសង្គមរបស់យើង។ ដោយសារយុវជន ពោរពេញដោយភាពច្នៃប្រឌិត និងសក្តានុពល ប្រសិនបើបានជំរុញឲ្យមានជំនាញជីវិតសមស្របនឹងអាយុរបស់ពួកគេ ហើយពួកគេអាចជាយន្តការដ៏សំខាន់សម្រាប់ធ្វើឱ្យសកម្មភាពទប់ស្កាត់គ្រឿងញៀនដំណើរការប្រកបដោយប្រសិទ្ធភាពផងដែរ៕