(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ ដើម្បីសហប្រតិបត្តិការលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

ក្នុងឱកាសអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ គឺពិតជាមានសារៈសំខាន់ណាស់ដែលបានរៀបចំឡើងក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំនាពេលអនាគតរវាងបេឡាជាតិសន្តិសុខសង្គមកម្ពុជា និងអង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ។

លោក អ៉ិត សំហេង បានបន្តថា តាមរយៈការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗរបស់អង្គភាពសោធនជាតិនៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានសន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ឱ្យនៅក្រៅសំណាញ់នៃការគ្របដណ្តប់របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ។

លោករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ទៅលើពលករទេសសន្តរប្រវេសក៍ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។

ទាំងអស់នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថា្នក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការជំរុញឱ្យមានកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍នៃប្រទេសទាំងពីរផងដែរ។

លោក Kim Chi-mook នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលចំពោះស្ថាប័ននៃប្រទេសទាំងពីរ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពីនេះទៀត ប្រព័ន្ធសោធននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍន៍រួមគ្នា។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា កន្លងមក បេឡាជាតិសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គមនៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន៕