(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រខេត្តពោធិ៍សាត់ និងជាប្រធានសមាគមសម្ពន្ធ័យុវជនមុស្លិមកម្ពុជា (CMYA) រាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាល និងផ្តល់ប្រាក់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងផ្នែកស្ថាបត្យកម្ម ជូននិស្សិតចំនួន៥នាក់ តាមរយៈអង្គការសម្របសម្រួល និងអភិវឌ្ឍន៍ ក្រោមការសម្របសម្រួល CMYA រាជធានីភ្នំពេញ នៅស្នាក់ការកណ្តាល CMYA។

នាឱកាសនោះ លោកបានផ្តល់នូវអនុសាសន៍ ចំណេះដឹង និងបទពិសោធន៍ល្អៗទាក់ទង នឹងវិស័យវិស្វកម្មសំណង់ស៊ីវិល ទៅដល់និស្សិតជ័យលាភីអាហារូបករណ៍ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ត្រូវចេះស្រាវជ្រាវបន្ថែមនូវចំណុចណា ដែលមានចង្ងល់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់ឆាប់រហ័ស ក្លាយជាសិស្សឆ្នើម និងទទួលបានជោគជ័យក្នុងការសិក្សា។

លោក រ៉ូហ្វី អូស្មាន ក៏បានរំលេចពីការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ជាពិសេសផ្នែកបច្ចេកវិទ្យាទំនើប ដែលកំពុងផ្តល់ភាពងាយស្រួលដល់សិស្សនិស្សិតសិក្សាស្រាវជ្រាវ និងស្វ័យសិក្សា មិនមានការលំបាកស្វែងរកឯកសារមករៀនសូត្រ ដូចសម័យមុននោះទេ។ លោកបានផ្តែផ្តាំដល់និស្សិតត្រូវខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ឲ្យកាន់តែពូកែបន្ថែមទៀត និងត្រូវធ្វើជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីឲ្យសង្គមជាតិពោរពេញ ទៅដោយធនធានមនុស្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

ការផ្តល់អាហារូបករណ៍នេះ គឺជាជំនួយរបស់សប្បុរសជនម្នាក់ លោកស្រី វីដាធ អាប់ឌុលឡោះ អាល់ហាំមាដ ជនជាតិគុយវ៉ែត ដែលការផ្តល់ជាជំនួយអាហារូបករណ៍មួយនេះ គឺជាការចាប់ផ្តើមប៉ុណ្ណោះ ហើយប្រសិនបើដំណើរការអាហារូបករណ៍លើកនេះជោគជ័យ នៅឆ្នាំក្រោយៗទៀត លោកស្រី នឹងគៀងគរសប្បុរសជនផ្សេងៗទៀត ដើម្បីបន្តនូវការផ្ដល់ជូនអាហារូបករណ៍នេះជូនដល់និស្សិតកម្ពុជា ជាបន្តបន្ទាប់ទៀត។

អាហារូបករណ៍៥ កន្លែងនេះត្រូវបានផ្តល់ជូននិស្សិតសិក្សាលើផ្នែកវិស្វកម្មសំណង់ស៊ីវិល ចំនួន៤រូប និងផ្នែកស្ថាបត្យកម្មចំនួន១រូប ដែលការផ្ដល់ជូននេះរហូតដល់និស្សិត សិក្សាចប់ថ្នាក់បរិញ្ញាបត្រ រយៈពេល៥ឆ្នាំ។

ក្នុងឆ្នាំដំបូងត្រូវបង់សាលាក្នុងតម្លៃ ៤៦០ដុល្លារក្នុង១នាក់ និងឆ្នាំបន្តបន្ទាប់ទៀតត្រូវបង់សាលាក្នុងតម្លៃ ៥៤០ដុល្លារក្នុង១នាក់ ដោយគិតថ្លៃសិក្សាសរុបទាំងអស់ ១៣,១០០ដុល្លារ។ នៅក្នុងថ្ងៃនេះផងដែរ និស្សិតដែលទទួលបានអាហារូបករណ៍នេះ ក៏បានការឧបត្ថម្ភថវិកាលើកទឹកចិត្ត ក្នុងម្នាក់ទទួលបានចំនួន៥៨ដុល្លារផងដែរ៕