(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឲ្យសមាជិក សមាជិកា ស.ស.យ.ក ស្វែងយល់បន្ថែមពីលក្ខណៈសម្បត្តិពេញលេញក្នុងភាពជាអ្នកដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយស ស.ស.យ.ក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ ការអំពាវនាវរបស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារបន្ដរបស់ក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ក៏បានអំពាវនាវឲ្យមានកិច្ចសហការល្អ រវាងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីរួមចំណែកគាំទ្រដល់សិស្សនិស្សិត និងយុវជនឱ្យទទួលបានឱកាសក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដែលបានបំពេញភារកិច្ចរបស់ខ្លួន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់។ ជាពិសេស ការកៀរគរបាននូវកម្លាំងយុវជននៅតាមបណ្ដាគ្រឹះស្ថានសិក្សា និងចុះឈ្មោះចូលរួមជាសមាជិក ស.ស.យ.ក. តាមរយៈប្រព័ន្ធ UYFC App ចំនួន៣៣,៩៣៤នាក់។

នាឱកាសនោះដែរ លោក ស សុខា បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលក្រុមប្រឹក្សាខិតខំសម្រេចបាននៅក្នុងឆ្នាំ២០២២ កន្លងទៅ ទោះបីជាប្រទេសកម្ពុជាបានរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

អង្គសន្និបាតក៏បានធ្វើបទបង្ហាញទៅលើប្រធានបទ៥ រួមមាន៖
ទី១៖ យុទ្ធសាស្ត្រចលនាកម្លាំងយុវជនជានិស្សិត ឲ្យចូលរួមក្នុងសកម្មភាពសង្គមនានា
ទី២៖ ទស្សនៈ និងនិន្នាការយុវជនទាក់ទំងទៅនឹងគោលនយោបាយ និងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល
ទី៣៖ ការធានានិរន្តរភាព នៃការចូលរួមរបស់យុវជនជាមួយ ស.ស.យ.ក.
ទី៤៖ ការបណ្តុះបណ្តាលយុវជនកម្រិតឧត្តមសិក្សាឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល
និង៥៖ យុទ្ធសាស្ត្រកៀរគរកម្លាំងយុវជនជានិស្សិតក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យចូលរួមជាមួយ ស.ស.យ.ក៕