(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បន្តចុះធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ដើម្បីទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ។

លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង នៃវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ បន្តសកម្មភាពដឹកនាំ​ កម្លាំងនគរបាលក្បាលស្ពាន ដែលមានលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ ព្រមទាំងកម្លាំងនគរបាលបុស្តិ៍ក្បាលស្ពានជាច្រើនរូបដោយប្រដាប់អាវុធ បន្តចុះធ្វើការដើរល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាបន្តរបន្ទាប់ទៀតដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទល់មុខនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំណុច ភូមិសាស្ត្រប៉ុស្តិ៍ក្បាលស្ពានទាំងអស់ សង្កេតឃើញថា កម្លាំងនគរបាលនៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨៩១ នៅតែបន្តសកម្មភាពចុះល្បាតជាប្រចាំដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឈិន ឈាង តែងតែបន្តសកម្មភាពដឹកនាំលោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ កម្លាំងនគរបាលនៅក្នុងប៉ុស្តិ៍ក្បាលស្ពានទាំងអស់ចុះល្បាត តាមខ្សែបន្ទាត់ព្រំដែនជាប្រចាំដោយមិនគិតពីក្តៅរងា ភ្លៀងផ្គរអ្វីឡើយ៕