(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការឱ្យមន្ត្រីនគរបាលទូទាំងខេត្ត ពង្រឹងសន្តិសុខ​ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ក្មេងទំនើង ចោរកម្ម និងត្រៀមកម្លាំងមធ្យោបាយ ឧបករណ៍ និងសម្ភារពន្លត់អគ្គីភ័យ ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោង។

ការដាក់ចេញផែនការបែបនេះ របស់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ លើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំង និងជំរុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានទាន់ពេលវេលា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ពិធីនេះមានការចូលរួមពីស្នងការរង នាយការិយាល័យទាំងអស់ចំណុះស្នងការដ្ឋាន អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ មេបញ្ហាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ ផងដែរ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អតាមផែនការ ដែលបានកំណត់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសប្បាយរីករាយ ក្រោមដំបូលនៃសុខសន្តិភាព។

លោកស្នងការ បានជំរុញដល់កម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានទាន់ពេលវេលា, បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក, ផែនការការពារសន្តិសុខ សណ្តាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ និងការពារសន្តិសុខក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងរប៉ារ៉ាហ្គេមឆ្នាំ២០២៣, គ្រឿងញៀន ៣កុំ ១រាយការណ៍, សភាពការណ៍សន្តិសុខ ព្រំដែន, បង្ការបង្ក្រាបគ្រប់បទល្មើសព្រហ្មទណ្ឌ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈពន្លត់អគ្គីភ័យដើម្បីចេញអន្តរាគមន៍ ២៤ម៉ោង លើ២៤ម៉ោងនារដូវប្រាំង៕