(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល​ជាមួយមេការ និងអ្នកគ្រប់គ្រង នៅតាមសេវាកម្សាន្តទេសចរណ៍ និងមនុស្សពេញវ័យ សរុប៥០៩នាក់ នៅសាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម ដែលរួមមាន៖ ការដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យមជាដើម។ ដោយឡែកការជួបសំណេះសំណាល នៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាពេលនេះ។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោក អ៊ុន ចាន់ដា និងលោកស្រី ជូនដល់បុគ្គលិក ដែលបានចូលរួមចំនួន ៥០៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៨ម៉ឺនរៀល៕