(ភ្នំពេញ)៖ ក្រោយទទួលបានការចាត់តាំងពីលោក ជា ពិសី អភិបាលខណ្ឌទួលគោក, លោក ឈាង វុទ្ធី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ចុះឃាត់រថយន្ដ និងរ៉ឺម៉ក ចំនួន១០គ្រឿង ដែលចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ទាំងគ្មានសណ្ដាប់ធ្នាប់ និងបណ្ដាលឲ្យគ្មានកន្លែងដើរសម្រាប់អ្នកថ្មើរជើង។

វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក ក្នុងការឃាត់រថយន្ដ និងរ៉ឺម៉ក ចំនួន១០គ្រឿង ដែលចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ទាំងគ្មានសណ្ដាប់ធ្នាប់ និងបណ្ដាលឲ្យគ្មានកន្លែងដើរសម្រាប់អ្នកថ្មើរជើង នេះបានសម្រេចអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចទទួលបានសំណូមពរតាមរយៈគ្រុបចរាចរណ៍នៅកម្ពុជា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមរបងសាលាបឋមសិក្សាសន្ធរម៉ុក និងនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) និងផ្លូវម៉ៅសេទុង (២៤៥) ក្នុងសង្កាត់ទឹកល្អក់ទី១ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោក ឈាង វុទ្ធី គឺបានធ្វើកំណត់ហេតុព្រមានយ៉ាងយកចិត្តទុកដាក់ឲ្យបញ្ឈប់រាល់ការចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ហើយបើក្នុងករណីម្ចាស់យានយន្តមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងបន្តយកយានយន្ដចតលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ទាំងគ្មានសណ្ដាប់ធ្នាប់ និងបណ្ដាលឲ្យគ្មានកន្លែងដើរសម្រាប់អ្នកថ្មើរជើង នោះក្រុមការងារ នឹងអនុវត្តវិធានការផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕