(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអំពាវនាវឱ្យមានកិច្ចសហការល្អ រវាងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដើម្បីរួមចំណែកគាំទ្រដល់សិស្សនិស្សិត និងយុវជនឱ្យទទួលបានឱកាសក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ការអំពាវនាវបែបនេះរបស់ លោក ហ៊ុន ម៉ានី នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដែលបានបំពេញភារកិច្ចរបស់ខ្លួន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ជាពិសេស ការកៀរគរបាននូវកម្លាំងយុវជននៅតាមបណ្ដាគ្រឹះស្ថានសិក្សា និងចុះឈ្មោះចូលរួមជាសមាជិក ស.ស.យ.ក. តាមរយៈប្រព័ន្ធ UYFC App ចំនួន៣៣,៩៣៤នាក់។

នាឱកាសនោះដែរ លោក ស សុខា បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលក្រុមប្រឹក្សាខិតខំសម្រេចបាននៅក្នុងឆ្នាំ២០២២ កន្លងទៅ ទោះបីជាប្រទេសកម្ពុជាបានរងឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

អង្គសន្និបាតក៏បានធ្វើបទបង្ហាញទៅលើប្រធានបទ៥ រួមមាន៖

ទី១៖ យុទ្ធសាស្ត្រចលនាកម្លាំងយុវជនជានិស្សិតឱ្យចូលរួមក្នុងសកម្មភាពសង្គមនានា
ទី២៖ ទស្សនៈ និងនិន្នាការយុវជនទាក់ទំងទៅនឹងគោលនយោបាយ និងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល
ទី៣៖ ការធានានិរន្តរភាពនៃការចូលរួមរបស់យុវជនជាមួយ ស.ស.យ.ក.
ទី៤៖ ការបណ្តុះបណ្តាលយុវជនកម្រិតឧត្តមសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល
និង៥៖ យុទ្ធសាស្ត្រកៀរគរកម្លាំងយុវជនជានិស្សិតក្នុងគ្រឹះស្ថានអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យចូលរួមជាមួយ ស.ស.យ.ក៕