Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ស្លាប់ភា្លមៗនៅកន្លែង និង៣នាក់ទៀតរបួសធ្ងន់ ក្នុងករណីម៉ូតូបុកម៉ូតូ នៅខណ្ឌឬស្សីកែវ

02-07-2016 11:00

(ភ្នំពេញ)៖ បុរសម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្ដសង្រ្គោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ ចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងមុខច្រកចូលផ្ទះសំណាក់ «មាន លាភ» តាមបណ្ដោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកសង់កូរ៉េ ពណ៍ប្រផេះ លាយលឿង១គ្រឿង ពាក់ស្លាកលេខ០៥៨៦ភព១ ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មាន ម៉ូតូមួយគ្រឿងទៀតម៉ាកTAURUS ពណ៌ខ្មៅ គា្មនស្លាកលេខ ជិះគ្នា២នាក់ដូចគ្នា ដោយធ្វើដំណើរច្រាសទិស ហើយបានរេចង្កូតទៅបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកម៉ូតូសង់កូរ៉េ បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ បូរ៉ា អាយុ២៦ មានទីលំនៅភូមិគ្រួស សង្កាត់ព្រែព្នៅ ខណ្ឌព្រែព្នៅ និងម្នាក់ទៀតឈ្មោះ ឆន សុភា អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា ចំណែកឯជនរងគ្រោះ២នាក់ទៀត នៅពុំទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសព សមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមនិតិវិធី៕