(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសសាលក្រមសម្រេច តម្កល់ទោសលើ សកម្មជនក្រុមប្រឆាំងម្នាក់ ដាក់ពន្ធនាគារ១៨ខែដដែល ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

សកម្មជនដែលតុលាការប្រកាសសាលក្រមផ្តន្ទាទោសនេះ មានឈ្មោះ កឹម តុលា ភេទស្រី ជាអតីតមេឃុំ នៃអតីតគណបក្សសង្គ្រោះជាតិ។ តុលាការបានទុកសិទ្ធិ ឱ្យជនជាប់ចោទ ប្តឹងជំទាស់ទៅកាន់តុលាការឧទ្ធរណ៍ តាមកំណត់ច្បាប់។

ករណីនេះ ត្រូវបានជំនុំជម្រះ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីជនជាប់ចោទ បានប្តឹងសើរើទៅនឹងការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសកំបាំងមុខចំពោះរូបគេពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

សកម្មជនរូបនេះ ត្រូវបានតុលាការផ្ងន្ទាទោសកាលពីអំឡុង ខែសីហា ឆ្នាំ២០២២ ដោយកាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ១៨ខែ ពាក់ព័ន្ធនឹងករណីកៀរគរមហាជនឱ្យប្រឆាំងនឹងអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តចន្លោះឆ្នាំ ២០១៨-២០២១។ ប៉ុន្តែបន្ទាប់ពីផ្តន្ទាទោសនេះ ស្រ្តីខាងលើបានគេខ្លួនជាបន្តបន្ទាប់។ ក្រោយមកស្ត្រីជាប់ចោទរូបនេះ ត្រូវបានអាជ្ញាធរសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនបាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងបានបញ្ជូនខ្លួនមកឱ្យអនុវត្តទោសនៅក្នុងពន្ធនាគារ នារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ មានជនជាប់ចោទចំនួន៧នាក់ ក្នុងនោះមានទី១. ឈ្មោះ ឡុង រី, ទី២-ម៉ែន សុថាវរិន្ទ ,ទី៣-ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥-ឈ្មោះ គឹម តុលា, ទី៦-ឈ្មោះ ឡាញ់ ថាវរី, និង ទី៧-ឈ្មោះ ម៉ិច ហ៊ាង ផងដែរ។ នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ ,ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, -គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានតុលាការសម្រេច ផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៨ ខែ ក្រោមការចោទប្រកាន់ពីបទ: «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទ ឈ្មោះ ម៉ិច ហ៊ាង ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ ៣ ឆ្នាំ ក្រោមការចោទប្រកាន់ចំនួន២បទល្មើសរួមមាន៖ បទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕