(ភ្នំពេញ)៖ ថ្មីៗនេះ មានមហាជនជាច្រើន បានរិះគន់ដល់អ្នកផលិតមាតិកាវីដេអូខ្លីៗ ដែលមានទាំងការទទួលទានសត្វល្អិតឆៅ កៅស៊ូកង់ ស្បែកជើង និងដុំឥដ្ឋជាដើម ហើយវីដេអូទាំងនោះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ «Ms Jin Su» ដែលហៅខ្លួន​ឯងថា «ចែអំបិលម្ទេស»

អ្វីដែលគួរឲ្យចាប់អារម្មណ៍ មានទូរទស្សន៍មួយរបស់ថៃ យកវីដេអូនោះទៅបន្តចាក់ផ្សាយ និងបន្ថែមការអត្ថាធិប្បាយនានា ខណៈក៏មានជនជាតិថៃចូលទៅបញ្ចេញមតិមើលងាយ និងបង្អាប់ដល់ខ្មែរទាំងមូល។ ក៏មានជនជាតិថៃ និយាយបែបចំអកថា «អរគុណដែលបានចែករំលែកពីការហូបចុករបស់ខ្មែរ»ជាដើម។

គ្រប់វីដេអូនោះ អ្នកផលិតតែងតែថ្លែងសារនៅចុងបញ្ចប់ ដោយលើកឡើងថា ជាមាតិកានៃការកម្សាន្តសប្បាយ និងសំណូមពរដល់មហាជនជួយចែកចាយ និងចុចតាមដានហ្វេសប៊ុករបស់គាត់ផងដែរ។ មានន័យថា វីដេអូនោះត្រូវបានផលិតឡើង ដើម្បីប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៃអ្នកផលិត។

ចំពោះការផលិតវីដេអូ ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវបានគេចាត់ទុកថា នឹងនាំឲ្យអាប់ឱនកិត្យានុភាពជាតិ។

លោក ឡុង ប៉ុណ្ណស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនគាំទ្រចំពោះការផលិតវីដេអូបែបនេះនោះទេ។ លោកបន្តថា ជនជាតិខ្មែរមិនមែនអត់អាហារហូប ដល់កម្រិតនេះឡើយ។ លោកបន្ថែមថា «វប្បធម៌ គឺជាការសាបព្រូសចំណេះដឹង ហើយវប្បធម៌ខ្មែរក៏មិនដែលបានបង្រៀនឲ្យមនុស្សផលិតវីដេអូ និងហូបអាហារបែបហ្នឹងដែរ»

អ្នកលេងបណ្តាញសង្គមខ្លះ បានចាត់ទុកថា សកម្មភាពវីដេអូរបស់ គណនីហ្វេសប៊ុកឈ្មោះ «Ms Jin Su» មិនត្រឹមតែអាប់ឱនតម្លៃខ្មែរទេ តែថែមទាំងប៉ះពាល់ដល់តម្លៃស្ត្រីផងដែរ។ គណនី «vivo BroH» បានដាក់ក្តីសង្ឃឹមថា អ្នកផលិតវីដេអូម្នាក់នេះ នឹងលែងជាមេនាំរោគនូវភាពអយុត្តិធម៌ដល់នារីខ្មែរគ្រប់រូបដែលពួកគាត់មិនដឹងអ្វី។

គណនី «vivo BroH» សរសេរទៀតថា «មុខមាត់ជាតិសាសន៍ខ្មែរដ៏ល្អវិចិត្រផូរផង់ បែរត្រូវអាប់ឱនដោយសារតែបុគ្គលមួយចំនួននេះ ដែលគិតតែពីហោប៉ៅរបស់ខ្លួន ហើយក៏សង្ឃឹមថា ក្រសួងនឹងចាត់ការតាមច្បាប់នូវទង្វើមិនគួរគប្បីចំពោះបងស្រីម្នាក់នេះ»

បន្ថែមលើនេះ លោក អ៊ុន ជឹម ប្រជាពលរដ្ឋមួយរូប ដែលចេះភាសាថៃ បានសម្តែងក្តីឈឺចាប់ នៅពេលឃើញគេប្រមាថខ្មែរ តាមរយៈវីដេអូខាងលើនោះ។ ទន្ទឹមនឹងការឈឺចាប់ លោកបានសំណូមមន្ត្រីមានសមត្ថកិច្ច ធ្វើសកម្មភាពណាមួយ ដើម្បីទប់ស្កាត់សកម្មភាពផលិតវីដេអូ ដែលនាំឲ្យអាប់ឱនកិត្យានុភាពជាតិ។

«ឃើញគេ Bully យើង មើលងាយយើង។ គេនិយាយថា ពូជសាសន៍នេះសមតែស៉ីអាក្រក់អញ្ចឹង ឈឺណាស់បង នៅពេលយើងស្តាប់ថៃបាន»។ នេះបើតាមលោក អ៊ុន ជឹម។

អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ បានលើកឡើងថា នៅបរទេស មានការផលិតមាតិកាវីដេអូប្លែកៗ ជាងការផលិតរបស់ផលិតករខ្មែរឆ្ងាយណាស់។ ចំពោះការផលិតវីដេអូបែបនេះ ត្រូវបានគេចាត់ចូលក្នុងផ្នែកកម្សាន្ត ហើយជាសិទ្ធិសេរីភាពគេ ដើម្បីឲ្យមនុស្សបានមើល ហើយសើចសប្បាយ និងកាត់បន្ថយភាពហត់នឿយ។

លោកកត់សម្គាល់ថា ខ្មែរយើងមិនទាន់ផលិតវីដេអូ ដែលធ្វើឲ្យអាប់ឱនកិត្យានុភាពជាតិនោះទេ។ លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ បើកបេះដូងឲ្យទូលាយ តែបើយល់ថាសកម្មភាពក្នុងវីដេអូប៉ះពាល់ គឺអាចសំណូមពរឲ្យគាត់ផ្អាកសិន មិនមែនថ្កោលទោសគាត់ទេ ព្រោះបើថ្កោលគាត់ដោយសារពាក្យមិនល្អនានានោះ នឹងធ្វើឲ្យគាត់បាត់ចំណូល។

អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះ ​«នេះជារឿងបុគ្គល ជារឿងកម្សាន្ត ជារឿងកំប្លែង ក៏ប៉ុន្តែដោយសារការបង្ហោះនេះ វាមានការទិតៀនឌឺដង ពីប្រទេសជិតខាងដែលគេហៅថា មានឥទ្ធិពលជាងយើង ហើយតែងតែចាក់ឆ្កឹះឆ្កៀលអំពីពលរដ្ឋយើង ក្នុងការបង្ខូចឈ្មោះយើង អញ្ចឹងវាធ្វើឲ្យខ្មែរយើងមើលមកថាអន់។ ប៉ុន្តែ ជាសារធាតុពិត មានលក្ខណៈជាច្រើនក្នុងការលេងសើច ហើយនេះជាការលេងសើចមួយ ដែលបើយើងនិយាយនៅក្នុងប្រទេសអឺរ៉ុប គេមិនសូវខ្វល់អ្វីទេ»

ដោយដឹងថា ប្រជាពលរដ្ឋខ្មែរមិនពេញចិត្តចំពោះមាតិកាវីដេអូ គណនីហ្វេសប៊ុកឈ្មោះ «Ms Jin Su» ក៏បានចេញវីដេអូសម្តែងការអភ័យទោស ចំពោះការផលិតមាតិការបស់នាង។ ក្រោយមក នៅលើគណនីហ្វេសប៊ុករបស់គាត់ ក៏បានឈប់បង្ហោះវីដេអូ ដែលហូបអាហារចម្លែកៗផងដែរ។

«សូមអភ័យទោសបងប្អូនទាំងអស់គ្នា ចំពោះវីឌីអូដែលខ្ញុំធ្វើឡើងដោយអចេតនា សូមមេត្តាអធ្យាស្រ័យផង»។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ «Ms Jin Su»