(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជួយគ្រឹះស្ថានសិក្សា រួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨។

លិខិតថ្លែងអំណរគុណ ដែលបណ្តាញ Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា «សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលជាសមាគមមួយរួមផ្តុំដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលឯកជនប្រមាណជាង ១០០គ្រឹះស្ថាន នៅទូទាំងរាជធានី-ខេត្ត ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ក្នុងការទទួលបានការយកចិត្តទុកដាក់ អនុគ្រោះ និងគាំទ្រលើវិស័យអប់រំឯកជនពី សម្តេចតេជោ ជាពិសេស តាមរយៈ សេចក្ដីជូនដំណឹងលេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូលប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ ដល់ដំណាច់ឆ្នាំ២០២៨»

សហព័ន្ធសេវាអប់រំនៅកម្ពុជា បានចាត់ទុកថា ការអនុញ្ញាតផ្តល់ការអនុគ្រោះនេះ ពិតជាបានលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់គ្រឹះស្ថានអប់រំឯកជនទូទាំងប្រទេស រួមទាំងសមាជិកនៃសហព័ន្ធ ឱ្យមានលទ្ធភាពកាន់តែប្រសើរឡើង ក្នុងការចូលរួមចំណែកលើកស្ទួយគុណភាពវិស័យអប់រំស្របតាមគោលនយោបាយអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០៣០ និង២០៥០។

សហព័ន្ធសេវាអប់រំនៅកម្ពុជា បានបន្តថា សេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់នេះ សបញ្ជាក់ពីបញ្ញាញាណដ៏ឈ្លាសវៃក្នុងការដឹកនាំ និងឧត្ដមភាពក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍមាតុភូមិកម្ពុជាប្រកបដោយចីរភាព។ យើងខ្ញុំទាំងអស់គ្នាតែងតែគោរពស្រលាញ់ កោតសរសើរ និងគាំទ្រយ៉ាងស្មោះស្ម័គ្របំផុតចំពោះការដឹកនាំរបស់ សម្តេចតេជោ លើគ្រប់វិស័យ ជាពិសេសបេសកកម្មបង្កើតម្លប់សន្តិភាពជូនប្រជារាស្ត្រកម្ពុជាគ្រប់រូប៕