(ដាកា)៖ យោងតាមការចេញផ្សាយ Update របស់ CNN នៅមុននេះបន្តិចបានឲ្យដឹងថា មានចំណាប់ខ្មាំងមួយចំនួនត្រូវបានរំដោះ និងសាកសពចំនួន ៥ ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរំដោះ ចំណាប់ខ្មាំងចេញពីក្រុមខ្មាន់កាំភ្លើង នៅក្នុងហាងកាហ្វេមួយកន្លែងក្នុងទីក្រុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស។
មិនទាន់មានតួលេខច្បាស់លាស់ពីចំនួនចំណាប់ខ្មាំងដែលត្រូវរំដោះនោះទេ ប៉ុន្តែទូរទស្សន៍ក្នុងស្រុកបានចេញផ្សាយថា យ៉ាងហោចណាស់ចំណាប់ខ្មាំង ១០នាក់ ត្រូវបានជួយសង្គ្រោះ និងបញ្ជួនទៅកាន់មន្ទីរពេទ្យ ខណៈការឡោមព័ន្ធ និងសម្រុកចូលរំដោះចំណាប់ខ្មាំងនៅតែបន្ត។
ស្របពេលជាមួយគ្នានោះផងដែរ គេឮសំឡេងផ្ទុះមួយចេញពីភោជនីយដ្ឋានខាងលើ ដោយគេសង្ស័យថា អាចជាការបំផ្ទុះគ្រាប់បែក ឬការបាញ់តបតគ្នាដោយប្រើអាវុធធុនធ្ងន់។
គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវ និងអះអាងថាពួកគេជាអ្នករៀបចំឲ្យមានការ វាយប្រហារនេះឡើយ។ ភ្នាក់ងារ BBC នៅទីក្រុងដាកា បានលើកឡើងនៅព្រឹកថ្ងៃសៅរ៍នេះថា ប៉ូលិស បង់ក្លាដែស ២នាក់ហើយបានស្លាប់ដោយសារតែការប្រយុទ្ធតស៊ូ នឹងខ្មាន់កាំភ្លើង៕