(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាស្ថាប័នព័ត៌មានឈានមុខមួយនៅកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលពានរង្វាន់ពីនិយ័តករបរធនបាលកិច្ច ក្នុងនាមជាសារព័ត៌មានឈានមុខគេ ក្នុងការផ្សព្វផ្សាយព័ត៌មានបរធនបាលកិច្ច ទៅដល់សាធារណជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជំរុញការយល់ដឹងពី វិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីមួយ។

ពានរង្វាន់នេះប្រគល់ដោយសារលោក សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច ក្នុងកម្មវិធី «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៣» ក្រោមប្រធានបទស្ដីពី «ក្របខណ្ឌបទប្បញ្ញត្តិ ឧត្តមានុវត្តន៍ និងកាលានុវត្តភាព» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

គិតចាប់តាំងពីការបង្កើតនិយ័តករបរធនបាលកិច្ច នៅអំឡុងឆមាសទី២ ឆ្នាំ២០២១ រហូតមកទល់ពេលបច្ចុប្បន្ន អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយនូវអត្ថបទយ៉ាងច្រើន បញ្ជ្រាបចំណេះដឹងដល់សាធារណជន។

សូមជម្រាបថា មានក្រុមហ៊ុន និងស្ថាប័នព័ត៌មានមួយចំនួនទៀត ក៏ទទួលបានពានរង្វាន់ពីនិយ័តករបរធនបាលកិច្ចផងដែរ រួមមាន ស្ថានីយទូរទស្សន៍ជាតិកម្ពុជា, ស្ថានីយទូរទស្សន៍បាយ័ន និង Cambonomist ខណៈក្រុមហ៊ុន កាណា ត្រាស ឯ.ក ឈានមុខគេ ក្នុងការចុះបញ្ជីបរធនបាលកិច្ច, ទី២. ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ដែលបានផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកច្រើនជាងគេ, ទី៣. ក្រុមបរធនបាលនៃបរធនបាលកិច្ច Acleda Financial Trust ដែលបានគ្រប់គ្រង ចាត់ចែង និងរក្សាសុវត្ថិភាពបរធនបាលកិច្ច បានល្អប្រសើរ ជាមួយនឹងកំណើនបរធនខ្ពស់៕