(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកជំងឺផ្ដាសាយបក្សី H5N1 នៅស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយទទួលបានលទ្ធផលតេស្ដ «អវិជ្ជមាន» ជាលើកទី៣ គ្រាដែលអ្នកជំងឺខ្លួនឯងមិនមានអាការៈអ្វីទាំងអស់។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីលទ្ធផលតេស្ដអវិជ្ជមាន លើកទី៣ ហើយក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្ដែតម្រូវឲ្យបន្ដនៅដាច់ដោយឡែក ២-៣ថ្ងៃទៀត ពេលត្រឡប់ទៅដល់ផ្ទះវិញ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ដ្រីជំនាញសុខាភិបាល នៅមូលដ្ឋានតែម្ដង។

លោកស្រី យក់ សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលតេស្ដលើកទី៣ បានបង្ហាញថា គាត់អវិជ្ជមានជំងឺផ្ដាសាយបក្សី ដូច្នេះក្រុមគ្រូពេទ្យរបស់យើងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញបាន ប៉ុន្ដែត្រូវបន្ដធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល២-៣ថ្ងៃទៀត ក្រោមការតាមដានជាប់ជាប្រចាំពីមន្ដ្រីសុខាភិបាល»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ មានកុមារីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញថា កើតជំងឺផ្តាសាយបក្សី H5N1។ ជំងឺផ្តាសាយបក្សី​ H5N1 មួយករណីនេះ កើតលើកុមារីអាយុ​ ១១ឆ្នាំ​ ៦ខែ​ រស់នៅភូមិ​រលាំង​ ឃុំ​រំលេច​ ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។

ក្រោយករណីនេះ ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា៕