(បន្ទាយមានជ័យ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញ ស្តីពីការយល់ដឹងពីអាស៊ាន និងសារ:សំខាន់នៃសេដ្ឋកិច្ចសហគមន៍ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅសកលវិទ្យាល័យមានជ័យ។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងពីអាស៊ាន និងសារៈសំខាន់នៃ សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងនាមក្រសួងពាណិជ្ជកម្ម និងក្នុងនាមខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ សិស្ស និស្សិត ដែលបានចូលរួម ក្នុងឱកាសដ៏វិសេសវិសាលនេះ»។
លោកបន្តថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ត្រូវបានបង្កើតឡើងក្រោមការចុះហត្ថលេខា នៃប្រទេសជាហត្ថលេខីទាំង៥ គឺឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ លើសេចក្ដីថ្លែងការណ៍ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧។ ក្រោយមកក៏មានប្រទេសប្រាំ ទៀតបានសុំចូលជាប្រទេសសមាជិកអាស៊ាន មានដូចជា ប្រទេសព្រុយណេដារូសាឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ចំណែកកម្ពុជា ជាប្រទេសចុងក្រោយ ដែលបានចូលជាសមាជិកទី១០ របស់អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
លោកបន្ថែមថា ប្អូនៗសិស្ស និស្សិត បានដឹងហើយថា កិច្ចខិតខំធ្វើសមាហរណកម្មអាស៊ាន បានរួមចំណែកធ្វើឲ្យមានទំនុកចិត្តកាន់តែខ្លាំង មកលើតំបន់អាស៊ាន និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចល្អ ចាប់ពីផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ត្រូវបានអនុម័ត នៅក្នុងឆ្នាំ២០០៧មក។ ផលិតផលក្នុងស្រុកសរុប GDP សម្រាប់ប្រជាជនម្នាក់ៗ ជាមធ្យមបានកើនឡើង ស្ទើរជាទ្វេរដងរវាង ឆ្នាំ២០០៧ និង២០១៤ ដោយសម្រេចបាន៤.១៣០ដុល្លារ នៅក្នុងឆ្នាំ២០១៤។
យោងតាមការព្យាករណ៍ចុងក្រោយ ការលូតលាស់សេដ្ឋកិច្ចរបស់អាស៊ាន រំពឹងថានឹងមានកំណើន៤,៦% នៅឆ្នាំ២០១៥ និង៥,១% នៅឆ្នាំ២០១៦។ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ការអនុវត្ត ផែនការ លម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ជារួមសម្រេចបានចំនួន៩២,៧% នៃវិធានការអាទិភាពសរុបចំនួន៥០៦។ ដោយឡែកប្រទេសកម្ពុជា ការអនុវត្តផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន AEC សម្រេចបាន ៩៤,៩% មានចំណាត់ថ្នាក់ទី៤ បន្ទាប់ពីប្រទេសសឹង្ហបូរី , វៀតណាម និងថៃ។
លោកបញ្ជាក់ថា យើងក៏បានដឹងដែរថា កម្ពុជាយើងជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតមួយ នៅក្នុងចំណោមប្រទេស អភិវឌ្ឍន៍តិចតួចបំផុតមួយចំនួនទៀត របស់សមាជិកអាស៊ាន ក៏ប៉ុនែ្តការចូលរួមក្នុងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន វាជាឱកាសមួយសម្រាប់កម្ពុជាយើង បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស នឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីទំនិញ សេវាកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងការចរចាបង្កើតកិច្ចព្រមព្រៀងនានា ជាមួយនឹង ប្រទេសជាដៃគូសេដ្ឋកិច្ចអាស៊ាន ដែលមានដូចជា ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ណូវែលហ្សេឡង់ និងឥណ្ឌា។
ក្នុងបរិបទពាណិជ្ជកម្ម ការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ក៏បានផ្តល់ឱកាស ឲ្យកម្ពុជាយើង បានពង្រីកទីផ្សារទៅខាងក្រៅ និងពង្រឹងតួនាទីរបស់ខ្លួន ក្នុងសង្វាក់ផលិតកម្មតំបន់ និង សកលផងដែរ។
សហគមន៍អាស៊ាន បានចូលជាធរមាន នៅក្នុងដំណាច់ឆ្នាំ២០១៥នេះ ហើយសមិទ្ធិផលនានា ដែល បានសម្រេចនៅក្នុងផែនការ យុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ គឺបានកំណត់ នូវទិសដៅ មួយច្បាស់លាស់សម្រាប់តំបន់អាស៊ាន នាពេលខាងមុខ។ ដូចនេះ ការស្វែងយល់អំពីចំណេះដឹងអាស៊ាន និងសមិទ្ធិផលសំខាន់នានា ដែលបានមកពីការអនុវត្តន៍ ផែនការលម្អិត សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint) នឹងត្រូវផ្សព្វផ្សាយ តាមរយៈការធ្វើជាបទបង្ហាញ។
គួរបញ្ជាក់ថា កម្មវិថីខាងលើនេះ ក្រៅពីវត្តមានរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏មានវត្តមាន របស់ លោក សាន វិជ្ជារ៉ាសាវុធ អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ និង មន្ត្រីពាក់ព័ន្ធ រួមទាំងសិស្សនិស្សិត ជាង៣២០០នាក់ ចូលរួមផងដែរ៕