(កណ្ដាល)៖ បុរសម្នាក់ដោយហេតុតែក្ដៅក្រហាយ និងខឹងសម្បាយ៉ាងខ្លាំង ក្រោយបងស្រីរបស់ខ្លួនមកប្រាប់ថាត្រូវនាយនគរបាលប៉ុស្តិ៍សង្កាត់ស្វាយរលំ រកវាយគាត់ ទើបកើតចិត្តខឹង ព្រមជាមួយនឹងស្រវឹងផងនោះ ក៏ស្ទុះទៅកាន់កាំបិតប៉័ងតោ ជិះម៉ូតូទៅរកកាប់មេប៉ុស្តិ៍ដល់ប៉ុស្តិ៍នគរបាលសង្កាត់ស្វាយរលំតែម្ដង បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាបៀរនិងស្រាថ្នាំជាមួយបងស្រីរបស់ខ្លួន២នាក់ទៀត បណ្តាលឲ្យស្រវឹងយ៉ាងខ្លាំង ពេលនោះបងស្រីរបស់ខ្លួន បាននិយាយប្រាប់ជនសង្ស័យថា នគរបាលប៉ុស្តិ៍ស្វាយរលំរកវាយគាត់ ទើបជនសង្ស័យខឹង ក៏បានយកកាំបិតប៉័ងតោកាន់ជាប់នឹងដៃ ជិះម៉ូតូមួយគ្រឿងចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ ដើរសួររកប៉ូលិសដែលរកវាយបងស្រីរបស់ខ្លួន។

ពេលនោះជនសង្ស័យ បានយកកាំបិតដេញកាប់ទៅលើជនរងគ្រោះជានាយរងប៉ុស្តិ៍ស្វាយរលំម្នាក់ឈ្មោះ សួន ឡេង។ ពេលឃើញដូចនេះជនរងគ្រោះទាំង៣នាក់ បាននាំគ្នាទៅប្រតាយប្រតប់ដណ្តើមកាំបិតពីជនសង្ស័យ បណ្តាលឱ្យជនរងគ្រោះទាំង៣នាក់ មានរបួសស្នាមដូចរៀបរាប់ខាងលើតែម្តង។

ក្រោយកើតហេតុ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។

ជនរងគ្រោះមានគ្នា៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សួន ឡេង អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរងប៉ុស្តិ៍ស្វាយរលំ រងរបួសរយៈហូរឈាមត្រង់ក្តោងច្រមុះ
*ទី២៖ ឈ្មោះ រិម យូសុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសស្នាមត្រង់ដៃ
*ទី៣៖ ឈ្មោះ ខាត់ សុខេន អាយុ៤០ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរអនុប្រធានភូមិលេខ៣។

ចំណែកជនសង្ស័យឈ្មោះ ឈុំ ហេង ហៅឆាត អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់កើតហេតុ(ឃាត់ខ្លួន)៕