(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក និងការថែទាំ ដល់ក្រុមមន្ត្រីឧទ្យានុរក្ស និងសហគមន៍ការពាធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

ពិធីនេះ រៀបចំឡើងនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ធូ ចាន់ ពៅ អភិបាលរងខេត្តស្ទឹងត្រែង និងលោក កឹម សំអូន តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជំរុញ និងលើកទឹកចិត្តដល់សហគមន៍ មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ អនុវត្តនូវវិធាន ការការពារ បង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈសម្រាក នៅក្នុងមុង រស់នៅស្អាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ និងក្នុងពេលបំពេញការងារ ក្នុងគោលដៅចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងចេញពី កម្ពុជានៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ ឆ្នាំ២០១១-២០២៥ របស់ ក្រសួងសុខាភិបាល។

លោក ធូ ចាន់ពៅ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ នឹងបន្ថែមចំណេះដឹងដល់មន្ត្រីឧទ្យានុក្ស និងសហគមន៍ការពារតំបន់ធនធានធម្មជាតិ ក្នុងខេត្តស្ទឹងត្រែង ឲ្យបានយល់ដឹងកាន់ច្រើន ពាក់ព័ន្ធនិងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក និងរបៀបនៃការថែទាំមិនឲ្យមានការឆ្លងជំងឺទាំងនេះ។ ម៉្យាងទៀតវគ្គបណ្តុះបណ្តាលនេះ ក៏ជាវិធានមួយរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹក កុំឲ្យមានការរីករាលដាលបន្តទៀតផងដែរ។

លោកអភិបាលរងខេត្តបន្តថា ក្រោយពេលទទួលបានចំណេះដឹងទាំងនេះ មន្ត្រីឧទ្យាននុរក្ស និងសហគមន៍ការពារតំបន់ធនធានធម្មជាតិ ត្រូវពាំនាំនូវចំណេះដឹង ទាំងទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានដែលនៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន និងយកទៅផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋទូទៅឲ្យពួកគាត់តែយល់ដឹង និងនាំគ្នាចូលរួមការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកសង្កត់ធ្ងន់ថា កាលណាប្រជាពលរដ្ឋគ្មានជំងឺ គ្មានការឈឺគ្រុន ជាផ្នែកមួយដែលជួយឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចំរើន។

លោកស្រី ម៉ុម ថានី បានថ្លែងថា ការពិតក្រសួងបរិស្ថានអនុវត្តសំខាន់ ទៅលើសរសរស្តមសំខាន់ៗ៤៖ មានការកសាងស្ថាប័នទំនើប, គុណភាពបរិស្ថាន, ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ប៉ុន្តែការចូលរួមរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺគ្រុនឈឹកនេះ ជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញផែការយុទ្ធសាស្ត្រ លុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកស្រីបន្តថា ការលុបបំបាត់ជំងឺគ្រុនចាញ់ ជាផែនការយុទ្ធសាស្ត្រជាតិ ដែលគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវតែចូលរួមក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់គ្នា។ ជំងឺគ្រុនចាញ់នេះ ជាជំងឺដែលបានកើតឡើង នៅទូទាំងពិភពលោក និងមានលក្ខណៈធ្ងនធ្ងរផងដែរ ដែលក្នុងមួយឆ្នាំៗមានមនុស្សកើតជំងឺគ្រុនចាញ់រហូតដល់៣០០លាននាក់និងមានស្លាប់១លាននាក់នាក់ជារៀងរាល់ឆ្នាំ ។

ដោយឡែកក្នុងមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការឆ្លងជំងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា មានអត្រាថយចុះច្រើន ប៉ុន្តែមិនទាន់ដល់កម្រិតសូន្យនៅឡើយទេ ដូចនេះយើងខិតខំប្រឹងប្រែង ក្នុងចូលរួមផ្សព្វផ្សាយពីវិធានការការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអនុវត្តផែនការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងឆ្នាំ២០២៥ឲ្យបាន៕