(កំពង់ធំ)៖ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីវឌ្ឍនភាពនៃការអនុវត្តការងារ គណនេយ្យភាពសង្គម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តអង្គការដៃគូរ និងក្រុមអ្នកសម្របសម្រួលគណនេយ្យ ដែលមកពី៨ស្រុកក្នុងខេត្តកំពង់ធំ សរុបប្រមាណ ៣៦០នាក់។

លោក ងួន រតនៈ បានសម្តែងនូវការថ្លែងអំណរគុណចំពោះ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន ភូមិ ឃុំ ស្រុក តាមរយៈការកែលម្អ ការផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធ ដែលនាំមកនូវការអភិវឌ្ឍ សង្គមកិច្ច និងឈានដល់ការចូលរួមកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ននិងមានចីរភាព។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រ សកម្មភាពគណនេយ្យភាពសង្គម ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋ រួមទាំងមន្ត្រី បុគ្គលិក ដែលជាអ្នកប្រតិបត្តិការផ្ទាល់ សំដៅបម្រើប្រជា ពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ស្របតាមការរីកចម្រើនរបស់សង្គម។

លោក អាន លីហ៊ាន់ ប្រធានតំបន់ខេត្តកំពង់ធំ-ក្រចេះ បានលើកឡើងថា សិក្ខាសិលានេះ មានគោលបំណង ផ្តល់ឱកាសឱ្យអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៏ និងអ្នកពាក់ព័ន្ធទាំងអស់ ជួបដើម្បីពិភាក្សា ពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ ផ្នែកតម្រូវការ និងដោះស្រាយ នូវបញ្ហានានាដែលកើតមានក្នុងអំឡុងពេលអនុវត្ដ ពិសេសការរក្សានូវចីរភាពរបស់ក្រុមអ្នក សម្របសម្រួលគណនេយ្យភាពសហគមន៍សម្រាប់ឆ្នាំ២០២៣៕