(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ ២០២៣ ​ដែលរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០២៣នេះ លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកោតសរសើរ ចំពោះនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលសម្រេចបានសមិទ្ធផលការងារជាច្រើន បើទោះបីជាទើបបង្កើត និងដាក់ឱ្យដំណើរការ​ក្នុងពេលដ៏ខ្លី។

លោក ម៉ី វ៉ាន់ បានថ្លែងថា ថ្វីត្បិតតែក្នុងរយៈពេលខ្លី ប៉ុន្តែវិស័យបរធនបាលកិច្ច សម្រេចបាននូវ​សមិទ្ធផលជាច្រើន ​​ដែលមានដូចជា៖ ១. ការធ្វើស្ថាប័នីយកម្មនិយ័តករ បរធនបាលកិច្ច ដោយជោគជ័យ, ២. ការរៀបចំអនុម័ត និងដាក់ឲ្យអនុវត្តបទប្បញ្ញត្តិគន្លឹះសំខាន់ សម្រាប់ដំណើរការទីផ្សារបរធនបាលកិច្ច, ៣. អត្ថិភាពនៃប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច ៤. ការអភិវឌ្ឍផលិតផល និងសេវាកម្មបរ-ធនបាលកិច្ច តាមរយៈកំណើនយ៉ាងឆាប់រហ័ស នៃការបង្កើត និងចុះបញ្ជីបរធនបាលកិច្ច និង ៥. ការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងអនុវិស័យផ្សេងទៀត។

​លោកបន្ថែមថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងសហការីទាំងអស់ ដែលមានស្មារតីទទួលខុសត្រូវ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ទោះបីជាស្ថាប័នបង្កើតថ្មី និងជួបប្រទះនឹងឧបសគ្គ បញ្ហាប្រឈម និងភាពខ្វះចន្លោះមួយចំនួនក៏ដោយ»

លោកបានសម្តែងការចូលរួមអបអរសាទរ ដល់ក្រុមហ៊ុនបរធនបាល, ប្រតិបត្តិករបរធនបាល ផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services), ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃ ក្នុងវិស័យបរធនបាលកិច្ច, បរធនបាលរូបវន្តបុគ្គល រួមទាំងលោកមេធាវីទាំងពីររូបផង ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់បំពេញ បានតាមលក្ខខណ្ឌតម្រូវជាធរមាន ទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាត ការទទួលស្គាល់ពី ន.ប.ធ. និងសូមចូលរួមអរបអរសាទរ និងកោតសរសើរខ្ពស់ដល់ក្រុមហ៊ុន ប្រតិបត្តិករ និងអង្គភាពសារព័ត៌មាន ដែលបានធ្វើសកម្មភាពលេចធ្លោក្នុងឆ្នាំ ២០២២ និងដល់ក្រុមហ៊ុនទាំងអស់ ដែលចូលរួមសហការគាំទ្រ ដល់ការរៀបចំវេទិកា​បរធនបាលកិច្ច ឆ្នាំ ២០២៣នេះផងដែរ។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានថ្លែងថា តាមរយៈសមិទ្ធផលនេះ ​អាចវាយតម្លៃបានថាផែនការសកម្មភាព ក្នុងការអភិវឌ្ឍនវិស័យបរធន​បាលកិច្ចរយៈពេលខ្លី ត្រូវបានអនុវត្តបានសម្រេចដោយជោគជ័យ និងអាចសន្មតបានថា ចាប់ពីពេលនេះតទៅ ​«ប្រទេសកម្ពុជាមានអត្ថិភាព នៃទីផ្សារបរធនបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញ»

​លោកបន្ថែមថា ក្នុងរយៈពេលជាងមួយឆ្នាំនេះ​ បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ បានកើនដល់ចំនួន ៤៩២ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ៧៣២លានដុល្លារ។

​ទន្ទឹមគ្នានេះ ក្រុមហ៊ុនបរធនបាលចំនួន ៦ បានទទួលអាជ្ញាបណ្ណ/ការអនុញ្ញាត ពីនិយ័តករបរធនបាលកិច្ច ​និងធនាគារចំនួន ២ បានទទួលអាជ្ញាបណ្ណ/ការអនុញ្ញាត ពីនិយ័តករបរធនបាលកិច្ច ឲ្យប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ​។ ​បរធនបាលរូបវន្តបុគ្គលចំនួន ៣០រូប បានទទួលអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច (២១រូប បរធនបាល រូបវន្តបុគ្គលឯករាជ្យ ដែល២រូបជាមេធាវី, ៩ រូប បរធនបាលរូបវន្តបុគ្គលនៃក្រុមហ៊ុនបរធនបាល)​ ​ខណៈក្រុមហ៊ុនវាយតម្លៃចំនួន ៣ ទទួលបានការទទួលស្គាល់ពីន.ប.ធ. ឲ្យផ្តល់សេវាវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច រួមាន ក្រុម CPL Properties ក្រុមហ៊ុន Mega Asset Management និងក្រុមហ៊ុន Cozy Home។

លោកបានឱ្យដឹងថា «សម្រាប់សកម្មភាពការងារបន្ត ការបន្តអភិវឌ្ឍវិស័យបរធនបាលកិច្ច ផ្តោតទៅលើការជំរុញ និងការពង្រឹងការអនុវត្តច្បាប់, ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍទីផ្សារ ប្រតិបត្តិករ និងផលិតផលបរធនបាល-កិច្ចថ្មីៗ ព្រមទាំងការសិក្សា និងការបង្កើតយន្តការគ្រប់គ្រង និងយន្តការប្រតិបត្តិការតាមនវានុវត្តន៍បច្ចេកវិទ្យា»

សូមជម្រាបថា វេទិកាបរធនបាលកិច្ចឆ្នាំ ២០២៣ នេះ ត្រូវបានរៀបចំឡើង​ជាលើកដំបូង​ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីវឌ្ឍនភាពនៃកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា ទៅកាន់គ្រប់តួអង្គពាក់ព័ន្ធ នៅក្នុងវិស័យបរធនបាលកិច្ច រួមមានប្រតិបត្តិករក្នុងទីផ្សារ ក្រុមហ៊ុនដែលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច វិនិយោគិនសក្ដានុពល និងសមាគមធុរកិច្ចសក្ដានុពលនៅក្នុងប្រទេស។

វេទិកានេះដែរក៏ដើម្បីប្រកាសជាផ្លូវការ អំពីអត្ថិភាពនៃទីផ្សារបរធនបាលកិច្ចជាមួយ ប្រតិបត្តិការពេញលេញ នៅប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ ពោលមានន័យថា នៅ​កម្ពុជា​ចាប់ពីពេលតទៅ វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារបរធនបាលកិច្ច ដែលបានចាប់ផ្តើមដំណើរការពេញលេញរបស់ខ្លួន ដោយមាននិយ័តករត្រូវបានបង្កើតឡើងដោយច្បាប់ មានទីផ្សារ មានប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធដែលផ្តល់សេវា ក្នុងទីផ្សារបរធនបាលកិច្ច មានប្រភេទផលិតផលនិងសេវាកម្មពាក់ព័ន្ធ មានលិខិតបែបបទ បទដ្ឋាន ដើម្បីដំណើរការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារបរធនបាលកិច្ច។

សូមបញ្ជាក់ថា ​និយ័តករបរធនបាលកិច្ច ត្រូវបានបង្កើតឡើង នៅអំឡុងឆមាសទី២ឆ្នាំ ២០២១៕