(ភ្នំពេញ)៖ លោកស្រី កែវ ច័ន្ទស៊ុនណារី ជំនួយការសម្តេចតេជោ ហ៊ុន​ សែន និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ បានរំលឹកដល់អាជ្ញាធរ ភូមិ ឃុំ សង្កាត់ គឺជាសេណាធិការបស់រាជរដ្ឋាភិបាលដូច្នេះ អាជ្ញាធរត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថល្អ បន្តផ្តល់សេវាសាធារណៈឲ្យតែប្រសើរជូនដល់ប្រជាពលរដ្ឋដើម្បី ទទួលបានការទុកចិត្ត និងក្តីស្រលាញ់ពីពលរដ្ឋចំពោះថ្នាក់នាំជាពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោកស្រី កែវ ច័ន្ទស៊ុនណារី ធ្វើឡើងនៅក្នុងឱកាស ចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកស្រីបន្ដថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ ការអភិវឌ្ឍន៍ នឹងមិនបញ្ឈប់ត្រឹមនេះនោះទេ ដរាបណាមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេស ដូច្នេះហើយប្រជាពលរដ្ឋអាចវិភាគថ្លឹងថ្លែងអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការបស់គណបក្សប្រជាជន ដែលបាននាំមកនូវការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ការរក្សាបាននូវបូរណភាពទឹកដី សុខសន្តិភាព ដែលមិនធ្លាប់មានរយៈពេលជាង៥០០ឆ្នាំកន្លងមកនេះ។

លោកស្រីបានលើកឡើងថា សូមឲ្យប្រជាពលរដ្ឋកុំជឿលើការឃោសនាបោកបញ្ឆោតរបស់ជនអគតិ ដែលតែងតែបំផ្លើស បំផ្លៃ លាបព៌ណ គ្មានការពិត ព្រោះបុគ្គលទាំងនោះ មិនដែលបានធ្វើអ្វីឲ្យជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជននោះឡើយ ផ្ទុយទៅវិញពួកគេបានត្រឹមតែធ្វើនយោបាយបែបកុហក បោកប្រាស់ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឃ្លានអំណាចរហូតប្រព្រឹត្តិអំពើខុសច្បាប់ រត់ចោលស្រុកម្តងហើយ ម្តងទៀត។

លោកស្រី កែវ ច័ន្ទស៊ុនណារី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ការពារការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងជំងឺផ្តាសាយបក្សីដែលទើបតែផ្ទុះឡើងជាថ្មីនៅខេត្តព្រៃវែង ដូច្នេះសូមប្រជាពលរដ្ឋបញ្ឈប់ការប៉ះពាល់សត្វបក្សីឈឺ ឬងាប់ និងរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរដែលនៅជិតផ្ទះបំផុតជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕