(ភ្នំពេញ)៖ លោកស្រី សូ រ៉ូសលីន (So Roseline) ជាសហគ្រិនខ្មែររស់នៅប្រទេសអ៉ីតាលី ជាតំណាងពិសេសរបស់សហភាពពិភពលោក នៃសហគ្រាសធនតូចនិងមធ្យម ( WUSME) The World Union of Small and Medium Enterprises និងតំណាងឲ្យប្រធានសមាគមន៍ សហគ្រិន ស្ត្រីកម្ពុជា បានថ្លែងក្នុងកម្មវិធីជួបជុំសហគ្រិន រៀបចំទ្បើងដោយ Ratha Leadership នៅខេត្ដព្រះសីហនុថា បច្ចុប្បន្នខេត្ដព្រះសីហនុ ជាខេត្ដមួយមានការរីកចម្រើនយ៉ាងស្រស់បំព្រង ព្រោះកន្លែងខ្លះ ជ្រុងខ្លះ មើលទៅមិនចាញ់អឺរ៉ុបទេ និងមានសក្ដានុពលពហុវិស័យដូចជាទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម និងកំពង់ផៃសមុទ្រ ដែលបើកទ្វារទៅកាន់ពិភពលោក។

ហេតុនេះបើរាជរដ្ឋាភិបាល ប្រែក្លាយខេត្ដព្រះសីហនុនេះ ឲ្យទៅជាតំបន់រដ្ឋបាលស្វ័យ័តពិសេស ដូចហុងកុង ដើម្បីទាក់ទាញវិនិយោគពីបណ្ដាប្រទេសនានា ជុំវិញពិភពលោក ជាតំបន់អនុគ្រោះពន្ធក្នុងអាស៊ានយើងនេះ គឺពិភពសហគ្រិននឹងជាទង់នាំសេដ្ឋកិច្ចជាតិ ទៅកាន់ភាពជោគជ័យយ៉ាងស្រស់បំព្រង។

ព្រោះសម័យបច្ចេកវិជ្ជានេះ ពិភពសហគ្រិនក្លាយជាយុគ្គ សម័យភាវូបនីយកម្ម -GLOBALISATION លើពិភពលោក ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង អ៊ីចឹងពិភពសហគ្រិនខ្មែរយើង ក៏ស្ថិតក្នុងការប្រកួតប្រជែងជាមួយបណ្ដាសហគ្រិននានា លើពិភពលោកផងដែរ ព្រោះសព្វ​ថ្ងៃ​ពិភពសហគ្រិន​ គឺជា​គ្រឹះ​នៃ​សេដ្ឋកិច្ច​មូលធននិយម​ដ៏​ជោគជ័យ។

លោកស្រី សូ រ៉ូសលីន បានថ្លែងបន្ដថា ស្ថិតក្នុងរបត់ ស.វ.ទី២១នេះ ពិភពសហគ្រិន គឺជាសរសៃរឈាមនៃសេដ្ឋកិច្ចទូទាំងពិភពលោក ដោយលើកផ្សារប្រពៃណីនិងលើកទីតាំងផ្សារបន្ដិចម្ដងៗ មកដាក់លើម្រាមដៃយើងគ្រប់ៗគ្នា ធ្វើឲ្យពិភពសហគ្រិនកំពុងតែប្រកួតប្រជែងយ៉ាងស្វិតស្វាញដូចយើងឃើញស្រាប់ការប្រកួតប្រជែងសេដ្ឋកិច្ចរវាងមហាអំណាចចិន និងអាមេរិក ហៅថា «សង្រ្គាមត្រជាក់ពាណិជ្ជកម្ម» ព្រោះតែការដណ្ដើមទីផ្សារគ្នារបស់មហាអំណាចទាំងពីរ ដើម្បីបណ្តែតខ្លួនក្លាយជាមហាអំណាចទី១ លើពិភពលោក។

មួយវិញទៀត ក្នុងយុគ្គសម័យភាវូបនីយកម្ម -GLOBALISATION នេះផងដែរ គឺពិភពសហគ្រិនជាដៃគូរបស់រាជរដ្ឋាភិបាល ប្រៀបដូចរាជរដ្ឋាភិបាលជាជើងស្ដាំ និងសហគ្រិនជាជើងឆ្វេង ពុំអាចខ្វះជើងណាមួយបានឡើយ។ ព្រោះបើសហគ្រិនជោគជ័យ ធ្វើឲ្យការបង់ពន្ធក៏មានលក្ខណ:ល្អប្រសើរតាមហ្នឹង ចំណូលថវិការជាតិកាន់តែប្រសើរទ្បើងៗតាមហ្នឹង ស្រុកទេសយើងកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនខ្លំាងទ្បើងៗ ដូចទស្សនវិជ្ជាសម្ដេចតេជោ ហ៊ុន សែន ថា «យកការអភិវឌ្ឍគំាទ្រសន្ដិភាព និងយកសន្ដិភាព គាំទ្រការអភិវឌ្ឍ»។

ជាសរុប លោកស្រី សូ រ៉ូសលីន បញ្ជាក់ថា ស្ថិតក្នុងយុគ្គសម័យសកលភាវូបនីយកម្ម-GLOBALISATION នេះ យើងឃើញថា ពិភពសហគ្រិន បានផ្លាស់ប្ដូរយ៉ាងខ្លំាងនៅគ្រប់ទីកន្លែងលើពិភពលោក ។ ហេតុនេះយើងលែងប្រកួតជាមួយសហគ្រិន នៅក្នុងកុលសម្ព័ន្ធ ទីប្រជុំជន ភូមិ ឬទីក្រុងរបស់យើងទៀតហើយ គឺយើងកំពុងតែប្រកួតប្រជែងជាមួយសហគ្រិន ជុំវិញផែនដី។ ដូច្នេះសហគ្រិនខ្មែរយើងត្រូវក្រោកទ្បើង ដើម្បីធ្វើការប្រកួតប្រជែងទៅនឹងពិភពសហគ្រិនពិភពលោក ៕