(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា (ក.យ.គ.)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងប្រធាន អនុប្រធាន សមាជិកនៃគណៈដឹកនាំចលនាយុវជនស្មគ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៧៥នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាមរបាយការណ៍ ក.យ.គ. ទោះបីជួបបញ្ហាប្រឈមមួយចំនួនបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបានបំពេញបេសកកម្មទទួលបានលទ្ធផលជោគជ័យជាង ៨១ភាគរយ នៃផែនការសកម្មភាពប្រចាំឆ្នាំ២០២២។

អង្គសន្និបាតជាមានជំនឿថាកត្តាដែលនាំឱ្យក្រុមប្រឹក្សាទទួលបានលទ្ធផលល្អបែបនេះ គឺដោយសារតែមានការគាំទ្រយ៉ាងមុតមាំពីសំណាក់លោក ហ៊ុន ម៉ានី ព្រមទាំងមានការខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សា ការចូលរួមសហការយ៉ាងល្អពីគណៈគ្រប់គ្រងគ្រឹះស្ថានឧត្ដមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្ដមសិក្សារដ្ឋនិងឯកជនទាំងអស់ ដោយប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ និងគោលការណ៍ស្ម័គ្រចិត្ត។

របាយការណ៍ឱ្យដឹងថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ក.យ.គ. បានបញ្ចូលសមាជិកភាព តាម UYFC App សរុបចំនួន ៣៣ ៩៣៤នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមការងារបច្ចេកទេសបានសហការគ្នាកែលម្អនិងធ្វើបច្ចុប្បន្នកម្មនៃប្រព័ន្ធចុះឈ្មោះ ឱ្យដំណើរការដោយរលូន និងមានលក្ខណៈល្អប្រសើរ ស្របតាមតម្រូវការជាក់ស្ដែងដើម្បីសម្រួលដល់ការចុះឈ្មោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាបាននូវសុវត្ថិភាពនៃការគ្រប់គ្រងទិន្នន័យផងដែរ។

នៅក្នុងឆ្នាំ២០២២កន្លង ក.យ.គ. បានធ្វើកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីអភិវឌ្ឍសមត្ថភាពដល់យុវជន តាមរយៈការរៀបចំសិក្ខាសាលាចំនួន ១៧២លើក បាឋកថាចែករំលែកបទពិសោធ៧៦លើក និងបើកវគ្គបណ្តុះបណ្តាលនានាចំនួន៨៩វគ្គ ដោយភ្ជាប់ Logo ស.ស.យ.ក.។ បន្ថែមលើនេះ ក.យ.គ. បានទទួលអាហារូបករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង។ ក.យ.គ. ក៏បានដឹកនាំបំផុសស្មារតី ជំរុញនិងលើកទឹកចិត្តយុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យស្រឡាញ់ ការពារ ថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ ក.យ.គ. នាឱកាសនេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារសម្រេចបាន ចំណុចខ្លាំង បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត៕