(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលោកមេធាវី លី ច័ន្ទតុលា ជាប្រធាន បានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ លើលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចំនួន២ ដាច់ដោយឡែកពីគ្នា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០
ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីស្តីពីលក្ខន្តិកៈមេធាវី។
ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករាឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះ បានរំលោភលើមាត្រា៦ (សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា៧ (ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាគណៈមេធាវី បានធ្វើការចោទប្រកាន់និងអញ្ជើញលោកមេធាវី ជូង ជូងី មកឆ្លើយការពារខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ។
ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានមួយទៀត បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៉ីសេរី (RFA) ផ្សាយលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦ (សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និងមាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោកមេធាវី សំ សុគង់ មកឆ្លើយការពារខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ ក៏បានទទួលស្គាល់កំហុសផងដែរ៕